ព័ត៌មានជាតិ

អបអរសាទរ ទិវាអន្តរជាតិនារី ៖ លោក ហេង សួរ បញ្ជាក់ពីការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះកម្មការិនី

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិង កំពុងយកចិត្តទុកដាក់ ជាអាទិភាព ចំពោះកម្មការិនី នៅតាមរោងចក្រ-សហគ្រាស តាមរយៈគោល នយោបាយ និងសកម្មភាពនានាជាច្រើនដើម្បីធានាថាស្ត្រីក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល និងត្រូវបានយកចិត្តទុកដាក់។

ថ្លែងក្នុងកម្មវិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ដែលរៀបចំធ្វើនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៩ ខែកុម្ភៈ លោករដ្ឋមន្ត្រី បានពន្យល់ពីការយកចិត្តទុកដាក់របស់សម្តេចធិបតីថា ការដាក់ចេញនូវកម្មវិធីបង្កើតមត្តេយ្យសហគមន៍ និងទារកដ្ឋាន គឺជាកិច្ចការងារអាទិភាពនិងចាំបាច់ ដើម្បីជួយសម្រួល ដល់ការលំបាករបស់កម្មការិនី និងការធានាបាននូវការមើលថែទាំ ត្រឹមត្រូវដល់កុមារ ដែលជាកូនរបស់កម្មការិនី ឱ្យមានរបបអាហារ ត្រឹមត្រូវតាមស្តង់ដាសុខភាព កាយសម្បទាល្អ និងមានការជួយបង្រៀនកុមារឱ្យត្រឹមត្រូវ តាមគរុកោសល្យសម្រាប់ចំណេះដឹងមូលដ្ឋាន ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិនាថ្ងៃអនាគត។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានរំលឹកដល់អង្គពិធី ដែលមានតំណាងសហជីពចូលរួមដែរថា ក្រោយការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាម សម្តេចបានជ្រើសរើសវេទិកាសាធារណៈលើកទី១ ជាមួយកម្មករដែលវត្តមានច្រើនលើសលុបគឺជាស្ត្រី។ នេះហើយគឺជាការយកចិត្តទុកដាក់ របស់ប្រមុខ រាជរដ្ឋាភិបាលដើម្បីចុះសួរសុខទុក្ខផ្ទាល់ ដើម្បីស្វែងយល់ពីផល នៃការអនុវត្តគោលនយបោយ។ មួយវិញទៀត ការដាក់ចេញនូវ កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេសនិងវិជ្ជាជីវៈដែលបានអនុញ្ញាតឱ្យកម្មករ កម្មការិនី ស្ត្រីជាបុគ្គលស្វ័យនិយោជន៍ បានសិក្សារៀនសូត្រ ដើម្បីមានជំនាញជាក់លាក់ រួមទាំងហ្វឹកហ្វឺន កូនជាងដែលជាការផ្តល់ឱកាសការងារជូនកម្មការិនី ដែលមានបំណងបង្កើតមុខរបរថ្មី ឬជំនាញថ្មី ក៏សុទ្ធសឹងតែជាការគិតជាអាទិភាព របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។

លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៅតែអនុវត្តគោលនយោបាយចំនួន១០ ចំណុចបន្ត ពីអាណត្តិទី៦ដដែល ដើម្បីបន្តរក្សាផល ប្រយោជន៍ជូនកម្មការិនី ដែលរួមមានការផ្តល់ប្រាក់ពិនិត្យសុខភាព តាំងពីមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ និងការផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន១២០% នៃប្រាក់ខែក្នុងអំឡុងពេល៣ខែនៃលំហែមាតុភាព រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។ សម្រាប់លោករដ្ឋមន្ត្រី ទាំងនេះហើយគឺ ជាការគិតគូរយ៉ាងយកចិត្តទុកដាក់ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ចំពោះកម្មការិនី ដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងវិស័យការងារ៕

To Top