ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ដាក់ចេញការអនុវត្ត យុទ្ធសាស្ត្រភាពស្អាត ដើម្បីរួមចំណែក សម្រេចគោលដៅរាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងថា ក្រសួង បានដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រភាពស្អាត ដើម្បីរួមចំណែកសម្រេចគោលដៅយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ ដោយដាក់ចេញនូវយុទ្ធសាស្ត្រចក្រា ក្នុងវិស័យបរិស្ថាន ២០២៣-២០២៨ ផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។

ក្នុងការអនុវត្តយុទ្ធសាស្ត្រភាពស្អាត ក្រសួងបានដាក់ចេញ ភាពស្អាតបរិស្ថានជារូបវន្ត រួមមាន ៖ ភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃមេឃ និងភាពស្អាតផ្ទៃទឹក , ភាពស្អាតក្នុងផ្នត់គំនិត រួមមាន ៖ ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម និងភាពស្អាតរបស់កម្ពុជា , ភាពស្អាតលើឆាកអន្តរជាតិ រួមមាន ៖ ភាពស្អាតរបស់កម្ពុជាជាមួយដៃគូ ភាពស្អាតរបស់កម្ពុជាក្នុងតំបន់ និងភាពស្អាតរបស់កម្ពុជាលើសកលលោក។

នាឱកាសអញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោករដ្ឋមន្ដ្រីថ្លែងថា ក្រសួងបានដាក់ចេញភាពស្អាតលើផ្ទៃដី តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ និងកំពុងទទួលបានជោគជ័យ ដោយគិតមកទល់ថ្ងៃនេះ មានការចូលរួម គាំទ្រពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ព្រះសង្ឃ ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ដែលមាន ចំនួនសរុបប្រមាណ៥,៧លាន អង្គ/នាក់។

បើតាមលោករដ្ឋមន្រ្តី ក្រសួង ត្រៀមដាក់ចេញយុទ្ធនាការសម្អាតកម្ពុជា ដែលជាយុទ្ធនាការចំណាយពេល ១០នាទី ក្នុងមួយសប្ដាហ៍សម្អាតបរិវេណជុំវិញផ្ទះ វត្តអារាម រោងចក្រ។ ទាក់ទងនឹងភាពស្អាតបន្ថែមទៀតក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ក្នុងនោះយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ បានចាប់ផ្ដើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបានចាត់វិធានការ បន្តបន្ទាប់ក្នុងការត្រួតពិនិត្យ គុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរង ការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ។

ចំណែកភាពស្អាតលើផ្ទៃទឹក លោក អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធនាការសម្អាតផ្ទៃទឹក ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដោយផ្តើម ចេញពីការសម្អាតផ្ទៃទឹកបឹងទន្លេសាប តាមរយៈការចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការហូរចូលនៃសំរាម សំណល់ប្លាស្ទិក និងថង់ប្លាស្ទិកចូលក្នុងប្រភពទឹក និងការពង្រឹងការត្រួតពិនិត្យលើទឹកកខ្វក់ហូរចេញពីរៀងចក្រ ឧស្សាហកម្មចូលទៅអូរ ប្រឡាយ បឹង ទន្លេជាដើម៕

To Top