ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ប្រជាពលរដ្ឋម្នាក់ ជាអ្នកប្រឆាំងព័ត៌មានក្លែងក្លាយម្នាក់

ភ្នំពេញ៖ ខណៈពេលដែលបច្ចេកវិទ្យា មានការរីកចម្រើនយ៉ាងលឿននាពេលបច្ចុប្បន្ន ចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ហើយបច្ចេកវិទ្យានេះ បានក្លាយជាមធ្យោបាយមួយ មិនអាចខ្វះបាន ដើម្បីទទួលព័ត៌មាន ដោយសារតែភាពងាយស្រួល រហ័ស និងអត្ថប្រយោជន៍របស់វា សម្រាប់ការងារ និងការរស់នៅប្រចាំថ្ងៃ។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ទន្ទឹមនេះដែរ នៅក្នុងមជ្ឈដ្ឋានសាធារណៈជាទូទៅ ការចែកចាយបន្តនូវព័ត៌មានណាមួយលើបណ្តាញទំនាក់ទំនងសង្គម ឬប្រព័ន្ធឌីជីថលផ្សេងទៀត ប្រព្រឹត្តឡើង ដោយសារតែព័ត៌មាននោះជាព័ត៌មាន គួរឱ្យចាប់អារម្មណ៍ ហើយអ្នកប្រើប្រាស់ចង់ចែករំលែក វាឱ្យបានមុនគេដល់មិត្តភ័ក្តិ និងអ្នកប្រើប្រាស់ដទៃទៀត ក្នុងបណ្តាញទំនាក់ទំនងសង្គម ដោយពុំបានផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុន និងមិនបានគិតដល់ហានិភ័យ ដែលអាចកើតឡើងប្រសិនបើវាជាព័ត៌មានក្លែងក្លាយ មុនចែកចាយបន្តឡើយ។

នេះជាឥរិយាបទរបស់អ្នកប្រើប្រាស់ ដែលកើតឡើងជាប្រចាំ ហើយដែលគេអាចនិយាយបានថា វាបានក្លាយជាទំលាប់ទៅហើយ ក្នុងចំណោមអ្នកប្រើប្រាស់មួយចំនួន។ នេះបើតាមការបញ្ជាក់ របស់អ្នកនាំពាក្យរូបនេះ។

លោក ទេព អស្នារិទ្ធ បានបន្តទៀតថា ជាការពិត ព័ត៌មានក្លែងក្លាយបានកើតឡើងនៅក្នុងសង្គម និងបាននៅជាមួយយើងជាយូរមកហើយ។ តែ ដោយសារវត្តមាននៃប្រព័ន្ធព័ត៌មានឌីជីថលសំបូរបែប ស្របគ្នាជាមួយនឹងនិន្នាការប្រើប្រាស់មធ្យោបាយទំនើប នាពេលបច្ចុប្បន្នកើនឡើងផងក្នុងការទទួលព័ត៌មាន វាបានធ្វើឱ្យការសាយភាយនូវព័ត៌មានក្លែងក្លាយមានសន្ទុះខ្លាំងឡើង ដោយវាអាចធ្វើចរាចររហ័សក្នុងចំណោមប្រជាជនរាប់លាននាក់ ដោយស្ទើរគ្មានការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់អំពីគុណភាពព័ត៌មានទាំងនោះជាមុនឡើយ។

ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយចំនួនជាង ៣ពាន់ ករណី។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយសរុបចំនួន ៨៧០ ករណី ដែលចំនួននេះបានកើនឡើងចំនួនប្រមាណ ១១ភាគរយ បើប្រៀបធៀបនឹងចំនួនកត់ត្រាទុកក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលមានចំនួនប្រមាណ ៧៨០ករណី។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ចំនួននេះនៅមិនទាន់រាប់បញ្ចូលនៅឡើយ នូវចំនួនករណីព័ត៌មានក្លែងក្លាយដែលអាចត្រូវបានកត់ត្រាទុក ដោយស្ថាប័នរដ្ឋ ឬឯកជនផ្សេងទៀតនៅកម្ពុជា។ ស្ថានភាពនេះធ្វើឱ្យគ្រួសារ សហគមន៍ សង្គមទាំងមូល ជាពិសេសអ្នកប្រើប្រាស់កាន់តែប្រឈមខ្លាំងឡើងនឹងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ព្រមទាំងហានិភ័យផ្សេងៗទៀត មិនអាចប៉ាន់ស្មានបាន។

លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា ដូច្នេះវាទាមទារឱ្យយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ នូវលក្ខខណ្ឌជាអ្នកប្រើប្រាស់ព័ត៌មានប្រកបដោយ ការទទួលខុសត្រូវ ដោយបង្កើនការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់ទ្វេដង មុននឹងសម្រេចចិត្តចែកចាយ ឬផ្សព្វផ្សាយព័ត៌មានអ្វីមួយទៅអ្នកដទៃ។ 

ក្រសួងព័ត៌មាន ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ក្រោមការដាក់ចុះនូវគោលដៅការងារ ជាអាទិភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងសន្តិសុខព័ត៌មាន ឱ្យបានល្អ ដើម្បីធានាការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន ដើម្បីរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធព័ត៌មានបែបឌីជីថល ជាតួអង្គដ៏សំខាន់មួយ ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន 

លោកបានគូសបញ្ជាក់បន្ថែមថា កាលណាប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ម្នាក់ៗយល់ដឹង អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងចេះបង្កើនការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ព័ត៌មាន ចេះផ្ទៀងផ្ទាត់មុននឹងចែកចាយព័ត៌មាន ប្រកបដោយការទទួលខុសត្រូវ ពេលនោះយើងម្នាក់ៗ នឹងរួមចំណែក ក្នុងការកាត់បន្ថយព័ត៌មានបែបបំពុល និងព័ត៌មានក្លែងក្លាយពីក្នុងលំហព័ត៌មានរបស់យើង បានជាមិនខាន ហើយទទួលបានមកវិញ នូវការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងសង្គម បង្ការការខាតបង់ពេលវេលា ប្រាក់កាស និងបញ្ជៀសព្យសនកម្ម ជាយថាហេតុនានា ក្នុងសង្គមគ្រួសារនិងសង្គមជាតិ តែចាំបាច់យើងត្រូវរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយទាំងនោះ។

ជាអនុសាសន៍ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា យើងត្រូវចងចាំថាព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត។

ដូច្នេះប្រជាពលរដ្ឋម្នាក់ ជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ ដោយត្រូវប្រកាន់ខ្ជាប់ នូវគោលការណ៍មួយចំនួន៖ ១)បោះបង់ចោល ទម្លាប់ចែកចាយព័ត៌មានលឿនពេក ឬចែកចាយដោយមិនទាន់បានអាន និងផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន, ២)កុំទាន់ជឿលើប្រភពព័ត៌មាន ពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ តែត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ ជាមួយប្រភពព័ត៌មានផ្សេងទៀត ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាន និងប្រភពផ្សព្វផ្សាយព័ត៌មានអាជីព ដែលមានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវ មុននឹងចែកចាយបន្ត, ៣)ចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីព ដែលមានក្រមសីលធម៌វិជ្ជាជីវៈ ជាប្រភពព័ត៌មានអាទិភាពសម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀត ឱ្យធ្វើដូច្នេះដែរ, ៤)ចែករំលែកឬផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គម រស់នៅប្រចាំថ្ងៃរបស់យើង សម្រាប់ជាប្រយោជន៍គ្រួសារ  អ្នកនៅជុំវិញខ្លួនយើង និងខ្លួនឯងផ្ទាល់៕

To Top