កំពង់ចាម ៖ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤ នេះ ក្រុមការងារ នៃក្រសួងធនធានទឹក និងឧតុនិយមដឹកនាំដោយ លោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងក្រុមការងាររដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត បានចុះពិនិត្យអំពីស្ថានភាព ករណីចាក់ថ្មច្រាំងទន្លេ នៅចំណុចភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ករណីចាក់ថ្មច្រាំងទន្លេ នៅទីតាំងខាងលើ កាលពីរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចម្រុះចុះពិនិត្យ ឃើញថា ការចាក់ថ្មច្រាំងទន្លេនេះ មានប្រវែង បណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង ១០ម៉ែត្រ និង ១៦ម៉ែត្រ ដែលផ្នែកខាងក្រោមចាក់ថ្ម ទប់ជម្រាលលយចូលក្នុងទឹក។ សំណង់នេះដែរ ធ្វើឡើងពុំបានសុំច្បាប់ ជាលាយលក្ខណ៍អក្សរទេ តែបានសុំផ្ទាល់មាត់ត្រឹមលោកមេឃុំមានជ័យ សំណង់ត្រូវបានចាប់ផ្តើមម្តងបន្តិចៗ រហូតដល់ចប់ សកម្មភាពទាំងស្រុង នៅក្នុងខែមករា ឆ្នាំ២០២៤ កន្លងទៅ។ រីឯម្ចាស់ទីតាំង បានបញ្ជាក់ពីគោលបំណងនៃការចាក់ថ្មនេះ គឺដើម្បីការពារទប់ច្រាំង ទន្លេកុំឲ្យបាក់បន្តទៀត ។
យ៉ាងនោះក្តី ជាវិធានការរដ្ឋបាល គឺក្រុមការងារបានតម្រូវឲ្យម្ចាស់ទីតាំង បញ្ឈប់សកម្មភាពចាក់ថ្មបន្តទៀត និងរង់ចាំលទ្ធផលនៃការចុះសិក្សា វាយតម្លៃរបស់ក្រសួងធនធានទឹកនិងឧតុនិយម អំពីលក្ខណៈបច្ចេកទេស និងផលប៉ះពាល់។
បើតាម លោក ឈុន ពុទ្ធារិទ្ធ អគ្គនាយកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ករណីចាក់ថ្មទប់ច្រាំងទន្លេនេះ ក្រុមការងាររបស់លោក ធ្វើការចុះពិនិត្យដោយផ្ទាល់ ដើម្បីធ្វើរបាយការណ៍លម្អិតដាក់ជូន លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ដើម្បីជូនជ្រាប អំពីស្ថានភាពពិតប្រាកដនៅតំបន់នេះ ។
លោក ឈុន ពុទ្ធារិទ្ធ បានបន្តថា ក្រុមការងារបច្ចេកទេស និងធ្វើការប្រៀបធៀប ពីស្ថានភាពបច្ចុប្បន្ន និងឆ្នាំមុនៗ អំពីការបាក់ច្រាំងទន្លេនៅតំបន់នេះផងដែរ ដើម្បីចូលរួមផ្នែកបច្ចេកទេស ធ្វើឱ្យទន្លេមានរបបទឹក ចរន្តទឹក ជលសាស្ត្រ ហើយនិងជលវិទ្យា សិក្សាឲ្យបានត្រឹមត្រូវ ឱ្យមានលំហូរតាមបែបធម្មជាតិរបស់វា ចៀសវាងការចាក់ថ្ម ទប់ច្រាំងទន្លេ ដោយខ្វះបច្ចេកទេស ធ្វើឱ្យមានការបាក់ច្រាំង ទន្លេបន្តទៅទៀត ដែលប៉ះពាល់ដល់ផលសេដ្ឋកិច្ច និងធ្វើឲ្យបាត់បង់លំនៅឋាន របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ ៕