ព័ត៌មានជាតិ

ក្រសួងការពារជាតិ ៖ ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅកំពង់ស្ពឺ មិនមែនជាបញ្ហាកងទ័ពបះបោរ ដូចការលើកឡើង របស់ក្រុមប្រឆាំង ជ្រុលនិយម

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានចេញមកបញ្ជាក់ យ៉ាងច្បាស់ៗថា ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ដូចការលើកឡើង របស់ក្រុមប្រឆាំង ជ្រុលនិយមឡើយ ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននាថ្ងៃ១ ឧសភា ក្រសួងការពារជាតិ បញ្ជាក់ថា «នាពេលថ្មីៗកន្លងមកនេះ មានក្រុមប្រឆាំង ជ្រុលនិយមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត តាមបណ្តាញសង្គមនានា ធ្វើឲ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំ អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីរសៀលថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទៅ២៧ ខែមេសា ឆ្នាំ២០២៤ នៅ ទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដែលបង្កឲ្យយោធិន ចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយ ចំនួនទៀតរងរបួស»។

ក្រសួងការពារជាតិអះអាងថា តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំង កើតហេតុ របស់ក្រុមការងារចម្រុះក្រសួង ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ មេសា គឺជាបញ្ហាបច្ចេកទេស ដោយសារប្រភេទអាវុធជាតិ ផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ព បះបោរ អំពើភេរវកម្ម ឬចេតនា របស់បុគ្គល ណាមួយ ដូចបានបំផ្លើសឡើយ ។

ក្រសួងក៏ស្នើសាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយ ព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយ ដោយបុគ្គលផ្ទាល់ខ្លួន មិន មានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្ក ចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ ការទទួលខុសត្រូវ ចំពោះមុខច្បាប់ ៕

To Top