ព័ត៌មានជាតិ

Update៖ ក្រុមសង្កេតការណ៍ជប៉ុន កំណត់ថា ករណីឧទ្ធម្ភាគចក្របុកគ្នា បណ្តាលឲ្យធ្លាក់នៅក្នុងពេលធ្វើសមយុទ្ធ

Xinhua

តូក្យូ៖ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រុមអ្នកស៊ើបអង្កេតរបស់ប្រទេសជប៉ុន បានកំណត់ថា ការប៉ះទង្គិចគ្នា អំឡុងពេលសមយុទ្ធនាពេលយប់ បណ្តាលឱ្យធ្លាក់ឧទ្ធម្ភាគចក្រ របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (MSDF) ចំនួន២គ្រឿង បានធ្លាក់ក្នុងខែមេសា ។

លោក Minoru Kihara រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ការពិនិត្យបឋមលើឧបករណ៍ថត ទិន្នន័យហោះហើរបានកំណត់ថា មានការប៉ះទង្គិចគ្នាដែលបណ្តាលឱ្យធ្លាក់ ។

លោកបានបញ្ជាក់ថា ទិន្នន័យហោះហើររបស់ឧទ្ធម្ភាគចក្រឈ្លបយកការណ៍ SH-60K ចំនួន២បានបង្ហាញពី “ផលប៉ះពាល់យ៉ាងរហ័ស និងដឹងច្បាស់ណាស់” ក្នុងពេលដំណាលគ្នានៅទីតាំងតែមួយ ដែលជាភស្តុតាងនៃការបុកទង្គិច ដោយលោកបានបន្ថែមថា អ្វីពិតប្រាកដដែលនាំទៅដល់ការប៉ះទង្គិចនេះ កំពុងត្រូវបានស៊ើបអង្កេតនៅឡើយទេ ។

ឧទ្ធម្ភាគចក្រ២គ្រឿង ដែលបានដឹកសមាជិកនាវិកសរុប ៨នាក់ បានបាត់ទំនាក់ទំនងកាលពីល្ងាចថ្ងៃទី២០ ខែមេសា អំឡុងពេលហ្វឹកហាត់ពេលយប់ នៅលើសមុទ្រក្បែរកោះ Izu ចម្ងាយប្រហែល៦០០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងតូក្យូ ។

ក្នុងចំណោមសមាជិកនាវិកទាំង ៨នាក់ នៅលើយន្តហោះនោះ មានម្នាក់ត្រូវបានគេប្រកាសថា បានស្លាប់ក្រោយពីត្រូវបានជួយសង្គ្រោះ ខណៈដែលការស្វែងរកអ្នកដែលនៅសល់ ៧នាក់ ក៏ដូចជាតួយន្តហោះ បាននិងកំពុងបន្តចាប់តាំងពីពេលនោះមក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top