ភ្នំពេញ ៖ លោក មុត ចិន្តា នាយកវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគ តេជោសែនស្វាយរៀង បានអះអាងថា ក្រោយធ្វើតេស្ត វាយតម្លៃសមត្ថភាព បញ្ចប់វគ្គ១ (C1) ១០០% នៃសិក្ខាកាមចំនួន ១២២នាក់ សុទ្ធតែមានការងារធ្វើ និងមួយចំនួនកំពុងហាត់ការ នៅតាមក្រុមហ៊ុន និងសហគ្រាសនានា។

លោក មុត ចិន្តា គូសបញ្ជាក់ថា៖ “ក្នុងចំណោមសិក្ខាកាមទាំង ១២២នាក់ ដែលបានធ្វើតេស្តវាយតម្លៃសមត្ថភាព បញ្ចប់វគ្គបណ្ដុះបណ្ដាលមានសិស្សចំនួន ៨៩នាក់ មានការងារធ្វើ និងចំនួន ៣៣នាក់ កំពុងហាត់ការនៅ តាមក្រុមហ៊ុននានា ដែលនឹងមានការងារ ធ្វើនៅថ្ងៃខាងមុខដែរ”។

នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង ដដែលបានលម្អិតថា សិក្ខាកាមដែលទទួលបានការងារ ធ្វើនោះសិក្សាជំនាញការដំឡើង បណ្តាញអគ្គិសនីក្នុងអគារ ជំនាញការថែទាំ និងជួស ជុលរថយន្ត និងជំនាញសេវាកម្មបរិក្ខារ ត្រជាក់ក្នុងគេហដ្ឋាន ដែលជាមធ្យមសិក្ខាកាម ទទួលបានប្រាក់ឈ្នួលដំបូង ជាមធ្យមប្រមាណ យ៉ាងតិច ២០៤ដុល្លារក្នុងមួយខែ ខណៈដែលអ្នកកំពុងហាត់ការ ក៏ទទួលបានជាង ១០០ដុល្លារដែរក្នុងមួយខែ ។

លោកបញ្ជាក់ទៀតថា៖«ពួកគាត់ដែលមានការងារ ធ្វើទទួលបានប្រាក់ខែ គោលចំនួន២០៤ដុល្លារក្នុងមួយខែ បូកនឹងប្រាក់បន្ទាប់បន្សំផ្សេងៗទៀត អាចច្រើនជាងនេះ» ។

សូមរំលឹកថា វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគ តេជោសែនស្វាយរៀង បានធ្វើតេស្តវាយតម្លៃបញ្ចប់វគ្គបណ្ដុះ បណ្ដាលកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ដោយមានសិក្ខាកាម ចំនួន សរុប១២២នាក់ ទៅលើមុខជំនាញចំនួន៣ រួមមាន ការដំឡើងបណ្តាញអគ្គិសនី ក្នុងអគារ ការថែទាំ និងជួសជុលរថយន្ត និងសេវាកម្មបរិក្ខារ ត្រជាក់ក្នុងគេហដ្ឋាន បន្ទាប់ពីបើកបវេសនកាល កាលពីអំឡុង ពាក់កណ្តាលខែមករា ឆ្នាំ២០២៤៕














