កំពង់ស្ពឺ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែង ប្រកាសយ៉ាងច្បាស់ៗថា គម្រោងព្រែក ជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ នៅខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។
សម្តេចធិបតី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញ ជាអធិបតីសម្ពោធឆ្លង «ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក ចម្លាក់ថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃ៣០ ឧសភា ។
សម្តេចបន្តថា ព្រែកជីកហ្វូណនតេជោ ធ្វើនៅលើទឹកដីខ្មែរ គឺដើម្បីបម្រើផលប្រយោជន៍ខ្មែរ ខណៈទុនវិនិយោគភាគច្រើន គឺជាជនជាតិខ្មែរផងដែរ។
សម្ដេចធិបតីមានប្រសាសន៍ថា «សូមជម្រាបលោកយាយ លោកតា ថាខ្មែរយើងនឹងមានភាគច្រើន នៅក្នុងគម្រោងនេះតែម្ដង នៅក្នុងការកសាង ហើយនៅក្នុងការបើក មិនចាំយូទេ នាំឲ្យយប់យូរសុបិន្តច្រើន ចង់ឲ្យឈប់ស្រមៃ គឺធ្វើតែម្ដង ចឹងយើងនឹងបើកការដ្ឋាននៅក្នុងខែ៨ (ខែសីហា) ខាងមុខនេះ ដើម្បីធ្វើ»។
គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លង កាត់ខេត្តចំនួន៤ ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ ផ្លូវទឹកនេះ នឹងមានទទឹងមុខ កាត់ផ្នែកខាងលើ ប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែក ខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបាន ដោយសុវត្ថិភាព ។
គម្រោងនេះនឹងសាងសង់ សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង , សាងសង់ស្ពានចំនួន១១កន្លែង , សាងសង់ផ្លូវអមសាង ខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗ ទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ ៕