ព័ត៌មានជាតិ

នគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនក្មេងទំនើង ៦ នាក់ ពាក់ព័ន្ធករណីហឹង្សា ធ្វើអោយខូចខាត ដោយចេតនា !

ពោធិ៍សាត់: ក្មេងទំនើងចំនួន ៦ នាក់ក្នុងចំណោម ៨ នាក់ ដែលបានធ្វើសកម្មភាព យកដុំវត្ថុរឹងដេញគប់ ទៅលើជនរងគ្រោះម្នាក់ បណ្តាលអោយខូចខាតម៉ូតូកាលពីវេលាម៉ោង ១ និង ៣៥ នាទីរំលងអាធ្រាតឆ្លងចូលថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៤ ស្ថិតនៅចំនុចលើផ្លូវកៅស៊ូមួយខ្សែ ស្ថិតក្នុងភូមិអូរបាក្រង សង្កាត់បន្ទាយដី ក្រុងពោអិ៍សាត់ ខេត្តពោធិ៍សាត់ត្រូវបានសមត្ថកិច្ច នគរបាលក្រុងស្រាវជ្រាវចាប់ខ្លួនបាន ៦ នាក់ ចំណែក ២ នាក់ទៀតបានរត់គេចខ្លួន។

បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលក្រុងបានអោយដឹងថា បន្ទាប់ពីក្មេងទំនើងទាំង ៨ នាក់ជិះម៉ូតូ ៣ គ្រឿងដេញ ធ្វើសកម្មភាពគប់ទៅ លើម៉ូតូរបស់ជនរង គ្រោះបណ្តាលអោយខូចខាត ហើយពួកគេក៍បានគេចខ្លួន បាត់ពីកន្លែងកើតហេតុទាំងយប់ លុះដល់ព្រឹកឡើង ជនរងគ្រោះក៍បានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច ទើបនគរបាលក្រុងសហការ នឹងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានក្មេងទំនើងចំនួន ៦ នាក់ ចំណែកបក្ខពួក ២ នាក់ទៀតកំពុងរត់គេចខ្លួន។

របាយការណ៍ដដែលក៍បានអោយដឹងទៀតថាក្មេងទាំង ៦ នាក់រួមមាន:១ -ឈ្មោះឆែម រ៉ាវិត ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់,២- ឈ្មោះម៉ម ប៊ុនសេង ភេទប្រុសអាយុ ១៩ ឆ្នាំមុខរបរជាងភ្លើង រស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់,៣-ឈ្មោះកៅ វាសនា ភេទប្រុសអាយុ ១៥ ឆ្នាំ មុខរបរជាងភ្លើង រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង,៤-ឈ្មោះមុំ ភារ៉ាត់ ភេទប្រុសអាយុ ២០ ឆ្នាំមុខរបរនៅ ផ្ទះរស់នៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់,៥-ឈ្មោះប៊ុត វឌ្ឍនះបញ្ញា ភេទប្រុសអាយុ ១៦ ឆ្នាំមុខរបរមិនពិត ប្រាកដរស់នៅភូមិកញ្ជើរបាយដាច ឃុំវាល ស្រុកកណ្ដៀង និង ទី ៦ ឈ្មោះម៉ាត់ គីរីន ភេទប្រុសអាយុ ១៨ ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នជនសង្ស័យជាក្មេងទំនើងទាំង ៦ នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ ដើម្បីចាត់ការទៅតាមនិតិវិធី ៕

To Top