ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋ រស់នៅបណ្តាខេត្តជាប់មាត់សមុទ្រ ក៏ដូចជាអ្នកទេសចរណ៍ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះចាប់ពីថ្ងៃទី១០-១១ មិថុនា ភ្លៀងធ្លាក់ និងបន្តធ្លាក់ជាប់ៗគ្នារយៈពេល២ថ្ងៃ ដោយលាយឡំដោយបាតុភូតផ្គរ រន្ទះ និងខ្យល់បោកបក់ខ្លាំងកើតឡើងច្រើន ។

យោងតាមសេចក្ដីជូនដំណឹង នាថ្ងៃទី១០ មិថុនានេះ បានឲ្យដឹងថា យោងតាមស្ថានភាពវិវត្តនៃសីតុណ្ហភាព នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ភាគខាងកើត និងតំបន់អេក្វាទ័រ គឺថា «ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមតំបន់មាត់សមុទ្រដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប តំបន់ជួរភ្នំបូក និងតំបន់ជួរភ្នំក្រវាញ បានបង្កភ្លៀងធ្លាក់ និងបន្តធ្លាក់ជាប់ៗគ្នារយៈពេលពីរថ្ងៃ គ្របដណ្តប់ស្ទើរទូទាំងតំបន់ខាងលើ ជាមួយ គ្នានេះ បាតុភូតផ្គរ រន្ទះ និងខ្យល់បោកបក់ខ្លាំងកើតឡើងច្រើន» ។
ក្រសួងបន្ថែមថា រលកសមុទ្រមានកម្ពស់ មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ ។
ក្រសួងក៏បានអំពាវនាវ ដល់សាធារណជន យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ពីស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕
