កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ នៅវត្តភ្នំហាន់ជ័យ ក្នុងស្រុកកំពង់សៀម បានដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីថ្វាយព្រះពរ ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ៨៨ យាងចូល ៨៩ព្រះវស្សា ។
ស្ថិតក្នុងឱកាសនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល ប្រកបដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨៨ យាងចូល ៨៩ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ជាកូនចៅ ចៅទួត ចៅលួត សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ។
ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុតចំពោះ សម្តេចព្រះមហាក្សតី ដែលកន្លងមកទ្រង់បានលះបង់ ព្រះកាយពល និងព្រះរាជបញ្ញាញាណប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការបំពេញព្រះរាជតួនាទី ក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ និងសាសនា ដើម្បីភាពសុខសាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប។ ក្នុងព្រះរាជសកម្មភាពជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក មានទេវតាឆ្នាំថ្មី ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គសូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្ល ព្រះរាជសុខភាពបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ចៅលួត របស់ព្រះអង្គ ៕