ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៨ មិថុនានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសិង្ហបុរីរយៈពេល២ថ្ងៃ (១៨-១៩ មិថុនា) តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពី សភាពាណិជ្ជកម្មកម្ពុជា ក៏អញ្ជើញអមដំណើរសម្តេចធិបតីដែរ។

ដំណើរទស្សនេះកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នា អំពីមធ្យោបាយនានា ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈប្រទេសទាំងពីរ នឹងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏រំពឹងថា នឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្រោយពីជំនួបពិភាក្សានោះ នឹងមានការចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ហើយគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការផងដែរ។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយ លោក ថាមេន ស្ពានមូហ្គារ៉ាត់ណាម ប្រធានាធិបតីសិង្ហបុរី និងលោក លី សៀនឡុង ទេសរដ្ឋមន្ត្រី នៃសិង្ហបុរី។

សម្តេចធិបតី នឹងចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានការចូលរួម ពីតំណាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា៕










