ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញអភិបាលខេត្តស្ទឹងត្រែងថ្មី ត្រូវយកចិត្តទុកដាក់ដឹកនាំ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាពិសេសការចរាចរណ៍ឆ្លងកាត់ព្រំដែនផងដែរ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងថ្មី ជំនួសលោក ស្វាយ សំអ៊ាង នៅថ្ងៃ១១ កក្កដា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា «រដ្ឋបាលខេត្តស្ទឹងត្រែង យកចិត្តទុកដាក់ដឹកនាំការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសការចរាចរណ៍ឆ្លងកាត់ព្រំដែន»។

ឧបនាយករដ្ឋមន្ដ្រីបន្ដថា ត្រូវពង្រឹងការធានាសុវត្ថិភាពម្ហូបអាហារ និងឱសថ ពិសេសការអប់រំនិងបញ្ចៀសកុំឲ្យកុមារតូចៗ ទទួលទានអាហារផ្អែមច្រើនលើសកម្រិត ពិនិត្យលទ្ធភាពឈានទៅកាត់បន្ថយ និងបញ្ចប់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ពង្រឹងគុណភាពសេវាផ្សេងៗ រួមទាំងសេវាអត្តសញ្ញាណកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អ ជាមួយអាជ្ញាធរជាប់ព្រំដែន។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានផ្ដល់អនុសាសន៍ និងគោលការណ៍ណែនាំគន្លឹះៗ ទៅកាន់អភិបាលខេត្តស្ទឹងត្រែងថ្មី ឲ្យការបន្តថែរក្សានិងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ការដោះស្រាយជម្លោះដីធ្លី ការទប់ស្កាត់រាល់បទល្មើសរំលោភកាន់កាប់ដីរដ្ឋ ព្រៃឈើ និងការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបបំពេញការងារ ៕





