ព័ត៌មានជាតិ

សម្ដេចធិបតី ៖ រៀងរាល់ខែតុលា ចាប់ពីឆ្នាំ២០២៤ តទៅកម្ពុជា នឹងរៀបចំការប្រកួតក្បាច់គុនខ្មែរបុរាណគ្រប់ទម្រង់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រៀងរាល់ខែតុលា ចាប់ពីឆ្នាំ២០២៤នេះតទៅ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ «ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ» គ្រប់ទម្រង់ទាំងអស់។

នាឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២» នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែរមានក្បាច់គុនច្រើនណាស់ មិនមែនមានតែ២ ឬ៣ ទម្រង់នោះទេ ដែលត្រូវបង្ហាញទៅកាន់ពិភពលោក។

សម្ដេចធិបតី បន្ដថា ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) ដែលបើកទ្វារចំហ សម្រាប់អ្នកហាត់ក្បាច់គុន ឬ កីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ អាចចូលរួមប្រកួតបាននេះ, ហើយកន្លងមកឃើញមាន កីឡាករប្រយុទ្ធជាច្រើន មកពីកីឡា Jujitsu, Judo, Wrestling, Boxing, Kickboxing, Karate, Taekwondo។ ចំពោះកម្ពុជា ក៏ធ្លាប់មានឱកាសល្អចូលរួមប្រកួតយុទ្ធគុន ចម្រុះអន្តរជាតិជាច្រើនលើក ក្នុងនាមជាកីឡាករប្រយុទ្ធគុនខ្មែរ, កីឡាករគុនល្បុក្កតោ, កីឡាករចំបាប់, កីឡាករការ៉ាតេ និង កីឡាករយូដូ ជាដើម។

សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំបានផ្ដល់ជាគោលការណ៍ រៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤ តទៅ ដើម្បីចំហរទូលំទូលាយដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន គ្រប់ទិសទី អាចចូលរួមទាំងមហាជន ទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺសញ្ជាតិខ្មែរ និងបរទេស អាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ បានទាំងអស់គ្នា»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំជម្រះចងក្រងស្រាវជ្រាវខ្មែរបុរាណ។
សម្ដេច បានអំពាវនាវដល់អ្នកស្នេហាក្បាច់គុនខ្មែរ ឲ្យចូលរួមដាក់ពាក្យចូលរួមប្រកួត នៅខែតុលា ជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានប្រកាសស្វាគមន៍ដល់ជនបរទេសទាំងអស់ ឲ្យតែចេះក្បច់គុនខ្មែរ មកដាក់ពាក្យចូលរួមការប្រកួត ដើម្បីឲ្យអ្នកចេះក្បាច់គុនខ្មែរគ្រប់ទម្រងទាំងអស់ មកសម្ដែង ក្នុងពេលតែមួយ ដើម្បីបង្ហាញឲ្យកូនខ្មែរ និងអន្ដរជាតិថា «ខ្មែរ មានក្បច់គុនច្រើនណាស់ មិនមែនមានតែ ២ ឬ៣ នោះទេ គឺមានច្រើនណាស់»៕

To Top