ព័ត៌មានជាតិ

កម្មករថា ក្រោយមានបណ្ណ ប.ស.ស. សម្រាប់ខ្លួនឯង និងសមាជិក គ្រួសារលែងភ័យ ជំពាក់បំណុល ដោយសារជំងឺ

ភ្នំពេញ ៖ កម្មករនិយោជិត នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់លើកឡើងថា ក្រោយមានបណ្ណបេឡាជាតិ សន្តិសុខសង្គម ប.ស.ស. សម្រាប់ខ្លួនឯង និងសមាជិកនៅក្នុងបន្ទុក ពួកគាត់លែងព្រួយបារម្ភរឿង ជំពាក់លុយគេ ដោយសារមានជំងឺទៀតហើយ ។ នេះបើតាមសម្តីលោកសំ សឿន ប្រធានសហភាព ពលកម្មជាតិកម្ពុជា ។

លោកថា បណ្ណបេឡាជាតិ សន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កម្មករនិយោជិត នៅពេលមានជំងឺ ឬពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ព្រោះវាបានជួយកាត់បន្ថយការ ចំណាយក្នុងជីវភាពរស់នៅ និងជួយលើកស្ទួយសេដ្ឋកិច្ចរស់នៅ របស់ពួកគាត់កាន់តែប្រសើរឡើង តាមរយៈការអនុវត្តរបបថែទាំសុខភាព ការព្យាបាលជំងឺដោយមិនអស់ប្រាក់ ការទទួលខុសត្រូវលើគ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ដល់បាត់បង់ជីវិតជាដើម ។

លោកបន្ថែមថា ជាពិសេសនៅ ពេលមានបណ្ណ ប.ស.ស. សម្រាប់ខ្លួនឯង និងអ្នកនៅក្នុងបន្ទុក កម្មករនិយោជិតលែងព្រួយបារម្ភរឿង ជំពាក់បំណុលគេ ដោយសារជំងឺទៀត ហើយ ព្រោះបន្ទុកចំណាយ ដែលពួកគាត់ធ្លាប់ តែមានការបារម្ភនៅពេលខ្លួនឈឺ ឬអ្នកនៅក្នុងបន្ទុកឈឺ ហើយគ្មានលុយបម្រុងទុកនោះ លែងជាបញ្ហាចោទ ។

លោកថ្លែងថា៖ “កន្លងមកគាត់មានការបារម្ភខ្លាំងណាស់ ក្នុងការនាំសមាជិកគ្រួសារគាត់ទៅព្យាបាលជំងឺ ដោយហេតុថាព្យាបាលជំងឺម្តងៗ មិនអស់លុយតិចទេ ដូចច្នេះគាត់ត្រូវតែស្វះស្វែង ពុះពារដើម្បីប្រមែប្រមូលថវិកា ដែលគាត់បានសន្សំទុកផង ឬក៏បងប្អូនខ្លះគាត់ត្រូវលក់របស់ទ្រព្យ ឬខ្ចីអ្នកនេះអ្នកនោះ ដោះស្រាយថ្លៃព្យាបាល ប៉ុន្តែ ពេលក្លាយជាសមជិកបសស គាត់ទទួលបានការព្យាបាលជំងឹ ដោយមិនបាច់បង់ថ្លៃ រហូតជាសះស្បើយ” ។

បើតាមលោកសំ សឿន ដើម្បីឱ្យអ្នកនៅក្នុងបន្ទុកទទួលបានអត្ថប្រយោជន៍ បងប្អូនកម្មករនិយោជិត អាចនាំសមាជិកគ្រួសារនៅក្នុងបន្ទុក ជាប្រពន្ធ ឬប្តី និងកូនៗ ទៅចុះឈ្មោះធ្វើបណ្ណ បសស ឱ្យបានគ្រប់ៗគ្នា៕

To Top