ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានអញ្ជើញធ្វើសន្និសីទ សារព័ត៌មាន ស្តីពី ការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈសង្គម បន្ទាប់ក្រុមជ្រុលនិយមមួយចំនួន នៅក្រៅប្រទេសឃោសនា បង្កចលាចល សំដៅបំផ្លិចបំផ្លាញសមិទ្ធផលជាតិ និងដំណើរការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (DTA)។

សូមបញ្ជាក់ថា អគ្គស្នងការដ្ឋាន នគរបាលជាតិ ក៏បានប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះការឃោសនាបង្កចលាចល សំដៅបំផ្លិចបំផ្លាញ សមិទ្ធផលជាតិ និងដំណើរការអភិវឌ្ឍតំបន់ត្រីកោណនេះ ព្រមទាំងត្រៀមខ្លួនជាស្រេច ដើម្បីការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារឧត្តមប្រយោជន៍ជាតិ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ដោយហ៊ានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីការពាររាជរដ្ឋាភិបាល ស្របច្បាប់ ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមគ្រប់រូបភាព ស្របតាមច្បាប់ បង្ក្រាបរាល់អំពើទាំងឡាយណាដែល បំផ្លាញផលប្រយោជន៍ជាតិ ដោយគ្មានការលើកលែង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ កុំភាន់ច្រឡំ លង់ជឿការញុះញង់ របស់ក្រុមជនទុរយសក្បត់ ឧត្តមគតិជាតិមួយក្តាប់តូចនោះឲ្យសោះ ៕
