ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ការណែនាំ ទៅកាន់មន្ត្រីរាជការ នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវរួមគ្នាទប់ស្កាត់ឱ្យខាងតែបាន នូវចរន្តប្រឆាំង ដែលមាននិន្នាការ បង្កចលាចលសង្គម ក្រោមរូបភាពការពារបរិស្ថាន និងការពារធនធានធម្មជាតិ។
ការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញធ្វើឡើង ក្នុងពេលសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្ត្រីរាជការមន្ទីរបរិស្ថានរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ លោក អភិបាលរាជធានីភ្នំពេញ បានណែនាំថា “ត្រូវរួមគ្នាទប់ស្កាត់ ឱ្យខាងតែបាននូវចរន្តប្រឆាំង ដែលមាននិន្នាការបង្កចលាចលសង្គម ក្រោមរូបភាពការពារបរិស្ថាន និងការពារធនធានធម្មជាតិ ឬ រូបភាពផ្សេងៗ ដោយត្រូវមានភាពបុរេសកម្មក្នុងការឆ្លើយបំភ្លឺ និងចាត់វិធានការ ឱ្យបានទាន់ពេលវេលា និងម៉ឺងម៉ាត់បំផុត” ។


លោកបានបន្តថា រយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច នៅតែបន្តអនុវត្តគ្រប់ឧបាយកលបំផុសបំផុល បង្កឱ្យមានចលាចល ញុះញង់ឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស-និស្សិត និងប្រជាពលរដ្ឋ ធ្វើការបះបោរប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពសង្គម ពាក់ព័ន្ធនឹង “កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ (DTA)” ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មកម៉្លេះ។



ក្នុងន័យនេះលោកស្នើ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវស្វែងយល់ និងស្តាប់ការពន្យល់បកស្រាយយ៉ាងក្បោះក្បាយរបស់ សម្តេចតេជោ ហ៊ុន សែន ហើយត្រូវរួមគ្នា ខិតខំផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ ញាតិសន្តាន មិត្តភក្តិ និងសហការីទាំងអស់ តាមគ្រប់មធ្យោបាយ និងអស់ពីលទ្ធភាព ទាំងក្នុងកម្រិតអង្គភាព និងផ្ទាល់ខ្លួន។



ក្នុងឱកាសនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានចូលរួមពន្យល់ថា “តំបន់ត្រីកោណនៅព្រំដែនកម្ពុជា វៀតណាមនិងឡាវ មិនបានបាត់បង់ងាយៗនោះទេ យើងមានច្បាប់ជាតិ និងច្បាប់អន្តរជាតិ ជាមួយនិងការសហការជាមួយ កងកម្លាំងប្រដាប់អាវុធ មិនអាចយកស្រួលៗបានទេ” ៕
