ពោធិ៍សាត់: បេសកកម្មសារព័ត៌មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់ ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានស្ថាប័នសារព័ត៌មានជាភាសាខ្មែរ, អង់គ្លេស, ចិន, និងវៀតណាម សរុបចំនួនជិត៦០នាក់ មកពី៣៧ស្ថាប័ន ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០២៤។
នេះជាបេសកកម្មលើកទី៥ហើយរបស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មានសារប្រយោជន៍បែបនេះត្រូវបានធ្វើទ្បើងនៅខេត្តព្រះសីហនុ, កែប, សៀមរាប និងរមណីយដ្ឋានឋានសួគ៌បូកគោ។
បេសកកម្មសារព័ត៌មាននេះ គឺដើម្បីចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពី សក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍថ្មីៗនៅលើទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីខេត្តមួយនេះត្រូវបានគេដាក់រហ្សសនាមថាជា «បុប្ផាលាក់ខ្លួន»។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា បេសកកម្មលើកនេះ ជាយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកនៅលើទឹកដីភាគពាយ័ព្យមួយនេះ។ សក្តានុពលធម្មជាតិថ្មីៗ ប្លែកៗ និងសម្បូរបែប រួមទាំងការអភិវឌ្ឍលើវិស័យនានា ដូចជាការវិនិយោគលើវិស័យអគ្កិសនី រោងចក្រតម្លើងរថយន្ត និងការអភិរក្សតំបន់បៃតង ។ ល។ នៅក្នុងខេត្តពោធិ៍សាត់ដែលធ្លាប់ជាខេត្តក្រីក្រមួយនៅក្នុងប្រទេសកម្ពុជា និងជាខេត្តដែលធ្លាប់គ្របដណ្តប់ដោយគ្រាប់មីន នឹងត្រូវបានអ្នកសារព័ត៌មានរំលេចនៅលើទំព័រសារព័ត៌មានរាប់សិបស្ថាប័ន និងច្រើនភាសា ហើយនឹងចែកចាយទូលាយទាំងក្នុងនិងក្រៅប្រទេសដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។
ក.អ.ក នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត ហើយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ ក.អ.ក ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង៕