កំពង់ធំ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.) បានសម្របសម្រួលរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ ក្រោមប្រធានបទ «ការស្វែងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានថ្លែងថា ជាការពិតណាស់ អង្គការសង្គមស៊ីវិលមានសមាគម សហគមន៍ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍសង្គមជាតិ ការចូលរួមថែរក្សាសន្តិភាព បរិស្ថាន និងការលើកស្ទួយការគោរពសិទ្ធិមនុស្សជាដើម។ អង្គការសង្គមស៊ីវិលទាំងអស់ធ្វើសកម្មភាពរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ។ សមាគម និងអង្គការ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន៣៩សមាគម និងអង្គការក្រៅរដ្ឋាភិបាលសរុប៦៣អង្គការ តែតាមរយៈការចុះជំរឿនសមាគម និងអង្គការ។

ថ្លែងនៅក្នុងវេទិកាសន្ទនានេះលោកប្រធានក្រុមប្រឹក្សាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់និងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបានដាក់បញ្ចូលវិស័យសង្គមស៊ីវិលនៅក្នុងកម្មវិធីនយោបាយនានា ជាពិសេសនៅក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំបានពិភាក្សាយ៉ាងផុសផុល និងចូលរួមយ៉ាងសកម្មនៅក្នុងអង្គវេទិកាសន្ទនានេះ បង្ហាញពីការពេញចិត្តដោយទទួលបាននូវបទពិសោធពុទ្ធិថ្មីៗ និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈម និងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្ត។ បណ្ដាអង្គការសង្គមស៊ីវិលក៏បានបង្ហាញនូវការពេញចិត្តចំពោះសហការល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិយាយជារួម ជាពិសេសរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់និយាយដោយឡែក ដោយបង្កលក្ខណៈងាយស្រួល និងលំហសេរីភាពដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរបស់ខ្លួន។


ជាងនេះទៅទៀត អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលមុនៗ មកដល់អាណត្តិទី៧នៃរដ្ឋសភាអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយបានកំណត់អាទិភាពចម្បងក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។
ដោយ សំនៀង











