ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានអំពាវនាវ ដល់លោក នេត្រ ភ័ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយអន្តរាគមន៍ និងពិនិត្យតាមផ្លូវច្បាប់ស្តីពី របបសារព័ត៌មានឆ្នាំ១៩៩៥ ដើម្បីឱ្យលោក ម៉ិច ដារ៉ា មានសេរីភាពរួចពីការចោទប្រកាន់ របស់អាជ្ញាធរខេត្តព្រៃវែង។
អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀល ថ្ងៃចន្ទ ទី៣០ កញ្ញា អំឡុងពេលលោកឈប់រថយន្ត នៅបញ្ជរបង់ប្រាក់ នៅលើផ្លូវល្បឿនលឿន ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
តាមរយៈគណនីហ្វេសប៊ុក លោក សយ សុភាព បានបង្ហាញជំនឿថាលោក ម៉ិច ដារ៉ា ដែលជា អ្នកកាសែតរួមអាជីពដូចគ្នា ហើយលោកម៉ិច ដារ៉ា ខំបំពេញតួនាទីជាអ្នកសារព័ត៌មានមួយ លោកម៉ិច ដារ៉ា នឹងមានសេរីភាពឡើងវិញ។
លោក សយ សុភាព សម្លឹងឃើញថា ម៉ិច ដារ៉ា មិនជ្រុលនិយមដូចពួកអាបិសាចរត់ចោលស្រុកទេ។លោក ម៉ិច ដារ៉ា គ្រាន់តែជាអ្នកកាសែត ដើម្បីជីវភាពតែប៉ុណ្ណោះ។
លោក សយ សុភាព គូសបញ្ជាក់ថា «ក្នុងនាមប្រធានសមាគមអ្នកសារព័តមានកម្ពុជា-ចិន ខ្ញុំសូមអំពាវនាវលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភ័ត្រា ជួយពិនិត្យតាមផ្លូវច្បាប់ ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ដើម្បី ឱ្យលោកម៉ិច ដារ៉ា មានសេរីភាពរួចពីការចោទប្រកាន់របស់អាជ្ញាធរខេត្តព្រៃវែង»។
លោក សយ សុភាព មានជំនឿថាម៉ិច ដារ៉ា នឹង មាន សំណាងល្អ ដូចសហភាតរៈដ៏ទៃទៀត៕