ព័ត៌មានជាតិ

៨ខែឆ្នាំ២០២៤ កម្ពុជា ទទួលបានទេសចរ អន្តរជាតិ ជាង៤លាននាក់

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបាន ទេសចរអន្តរជាតិ ប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ក្នុងនោះទេសចរជនជាតិចិន មានប្រមាណជិត ៥៤ម៉ឺននាក់ កើនឡើង ៤៧,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ។ នេះបើយោងតាមលទ្ធផល នៃជំនួបសម្តែងការគួរសម និងពិភាក្សា ការងាររវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី JING HE អគ្គនាយិកាមន្ទីរវប្បធម៌និង ទេសចរណ៍ខេត្តហីឡុងជាំង (Heilongjiang) នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នងជំនួបនេះ លោក ហួត ហាក់ បានកោតសរសើរ ចំពោះទំនាក់ទំនង មិត្តភាពជាប្រពៃណីទំនាក់ ទំនងការទូត ដែលមានរយៈពេល៦៦ឆ្នាំ ជាមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ក្រោម ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចបាន នូវការកសាងសហគមន៍ ជោគវាសនារួម កម្ពុជា-ចិន កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ មានភាពរីកចម្រើន និងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសវិស័យ ទេសចរណ៍ ដោយឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីលទ្ធផល នៃការចូលរួមពិព័រណ៍ ទេសចរណ៍ចិន-អាស៊ាន ឆ្នាំ២០២៤ លើកទី១០ នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២៤។

ជាការឆ្លើយតប លោកស្រីអគ្គនាយិកាមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហឺឡុងជាំង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកអញ្ជើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងអនុញ្ញាតជូនលោកស្រី និងសហការីបានចូលជួបពិភាក្សា ការងារ។

ជាកិច្ចបន្ទាប់ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយ ដែលមានសភាពល្អប្រសើរ លើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាក់ទាញទេសចរអន្តរជាតិ និងការវិនិយោគ ក ក្រោមការដឹកនាំដ៏ឈ្លាស និងប៉ិនប្រស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង យន្តការលើកទឹកចិត្តជាច្រើន ដល់វិស័យឯកជន ជាពិសេសលើវិស័យទេសចរណ៍ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ។
កិច្ចជំនួបពិភាក្សាការងារ ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី បានបញ្ចប់ដោយភាតរភាព និងផ្លែផ្កា ដែលទទួលបានលទ្ធផល លើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ដូចខាងក្រោម៖

១)រដ្ឋបាលខេត្តហឺឡុងជាំង ផ្តល់កិច្ចសហការល្អ និងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីជួយផ្សព្វផ្សាយ ពីសក្តានុពល និងគោលដៅទេសចរណ៍កម្ពុជា ឱ្យបានទូលំទូលាយដល់ប្រជាជនចិន និងជំរុញ ដល់ប្រជាជនចិន មកធ្វើដំណើរកម្សាន្ត នៅកម្ពុជាកាន់តែច្រើន ព្រមទាំងជួយទប់ស្កាត់ និងលុបបំបាត់រាល់ព័ត៌មាន ក្លែងក្លាយដែល ជះផលអវិជ្ជមាន ដល់ប្រទេសកម្ពុជា ។
២)រដ្ឋបាលខេត្តហឺឡុងជាំង ជួយជំរុញទាក់ទាញអ្នកវិនិយោគចិន មកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលជាប្រទេសពោរពេញដោយ សក្តានុពលវិនិយោគ ។
៣)ក្រសួងទេសចរណ៍ នឹងបន្តកិច្ច សហប្រតិបត្តិការ ជាមួយរដ្ឋបាលខេត្ត ហឺឡុងជាំង ដើម្បីដាក់ចេញ នូវផែនការនិង សកម្មភាពចាំបាច់នានារួមគ្នា ដើម្បីជំរុញលំហូរទេសចរ នៃគោលដៅទាំងពីរ ។
៤)លោករដ្ឋមន្ត្រី នឹងពិនិត្យលទ្ធភាពដឹកនាំគណៈប្រតិភូក្រសួង ទេសចរណ៍ទៅបំពេញទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធ នៅខេត្តហឺឡុងជាំង នាពេលវេលា សមស្របខាងមុខ តបតាមការអញ្ជើញ របស់លោកស្រី អគ្គនាយិកា។

ក្រោយបញ្ចប់កិច្ច ជំនួបពិភាក្សាការងារ លោករដ្ឋមន្ត្រី បានផ្តល់កិត្តិយស ជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ជំរុញលំហូរទេសចរ រវាងគោលដៅទាំងពីរ រវាងក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋបាលខេត្តហីឡុងជាំង តំណាងដោយលោកស្រីអគ្គនាយិកាមន្ទីរវប្បធម៌និង ទេសចរណ៍ខេត្ត ៕

To Top