ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ (ថ្ងៃទី២ នៃប្រតិបត្តិការបង្ក្រាប) បានបន្តបើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាសអនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី។
បើតាមរបាយការណ៍ បានឱ្យដឹងថា ដោយមានការសហការពីរដ្ឋបាលខេត្តមណ្ឌលគិរី អង្គភាព ប្រឆាំងអំពើពុករលួយ និងមានការសម្របសម្រួលនិតិវិធី ដោយ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងកងកំលាំងទាំងបីប្រភេទបានចុះ ប្រតិបត្តិការ កំណត់ទីតាំងមុខសញ្ញាបទល្មើស បង្ក្រាប ចាត់វិធានការណ៍ទប់ស្កាត់ បង្ការ សំអាត និងស្តារបរិស្ថាន ឡើងវិញ នៅតំបន់មេសំ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅនៅថ្ងៃទី៤ខែ វិច្ឆិកា ឆ្នាំ២០២៤ (ថ្ងៃទី២) បានទទួលលទ្ធផលដូចខាងក្រោម៖
I. កំណត់វាយតំលៃ អត្តសញ្ញាណទីតាំងបទល្មើសរ៉ែ
1.ក្រុមការងារបានបន្តរុករកស្រាវជ្រាវដើម្បីពិនិត្យវាយតម្លៃទីតាំងបទល្មើសរ៉ែបានចំនួន ៧ទីតាំងមានៈ ១.ទីតាំងបង្ក្រាប និងបន្តនីតិវិធីទៅតុលាការ ដែលបានជីក គាស់ ចោះ កកាយ ចូលរណ្តៅចាស់ ដែលក្រសួងរ៉ែ និងថាមពល បានបិទដោយចាក់បេតុងមានចំនួន ១០ទីតាំង
២.ទីតាំងដែលបានកិន រែង មិនប៉ះពាល់រណ្តៅ បេតុង រណ្តៅរ៉ែចាស ត្រូវបានកំណត់ចាត់វិធាន ការណ៍រដ្ឋបាល ដោយរុះរើរោង ទីតាំង សំអាត់ និងស្តារបរិស្ថានឡើងវិញបានចំនួន៤ទីតាំង។
II. ក្រុមចុះរុះរើ ទីតាំងមានបទល្មើសបន្ទាប់ពីក្រុមការងារ បានកំណត់ទីតាំងបទល្មើសប្រភេទបទល្មើសរួច ក្រុមចុះរុះរើលប់រណ្ដៅ បានអនុវត្តបានចំនួន៦ទីតាំង។