ព័ត៌មានជាតិ

គណៈប្រតិភូ គ.ជ.ប អញ្ជើញចូលរួម ពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានឯករាជ្យ។

អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ត្រូវបានប្រារព្ធឡើងដើម្បីរម្លឹក និងចងចាំជានិច្ច នូវឧបការគុណរបស់បុព្វបុរស ជាពិសេសយុទ្ធជនខ្មែរ ដែលបានពលីជីវិតដើម្បីជាតិ និងប្រជាជន។

មួយវិញទៀត គឺដើម្បីរំលឹកអំពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត តស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដ ជូនប្រជាជាតិទាំងមូល។

ព្រះមហាករុណាទិគុណដ៏ធំធេង របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យ ការកសាងជាតិ ការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹក គឺពិតជាស្ថិតនៅក្នុងដួងចិត្ត ប្រជាជនខ្មែរគ្រប់រូប ដោយគ្មានថ្ងៃបំភ្លេចបានឡើយ៕

To Top