ភ្នំពេញ៖ លោកស្រី ថូហ្វីកា ហ៊ុក តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តចូលរួមចំណែកក្នុងនាមជាដៃគូដ៏ល្អមួយ នៅក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា តាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោកស្រី ចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពូជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ លោកស្រី ថូហ្វីកា ហ៊ុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហើយចាត់ទុកថាជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដល់លោកស្រី ដែលសម្ដេចបានអនុញ្ញាតឱ្យលោកស្រីនិង សហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ លោកស្រីបានចាត់ទុកថា សម្តេចតេជោ ជា អតីតនាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេ និងមានតួនាទីដ៏ធំធេងនៅក្នុងតំបន់ និងជាឥស្សរជនក្នុងសកលលោក ដែលមានកេរ្ត៍ឈ្មោះល្បី ក្នុងប្រវត្តិសាស្រ្ត។
លោកស្រី បានបន្តទៀតថា លោកស្រីបានចាប់ផ្តើមតួនាទីថ្មីនេះ ទើបតែបានរយៈពេលជាង២ខែ និងកំពុងស្ថិតនៅក្នុងដំណាក់កាល សិក្សាស្វែងយល់ពីប្រទេសកម្ពុជា ដោយលោកស្រី ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គទេសាភិបាលធនាគារជាតិ និងស្ថាប័នរដ្ឋាភិបាលមួយចំនួនទៀត ដើម្បីយល់កាន់តែច្បាស់ ពីដំណើរការប្រព្រឹត្តទៅនៃសេដ្ឋកិច្ចសង្គមកម្ពុជា។
លោកស្រីបានជម្រាបសម្តេចតេជោ ថាកន្លងមកលោកស្រី ធ្លាប់ធ្វើការនៅប្រទេសសឹង្ហបុរី ដែលជាផ្នែកមួយរបស់ធនាគារពិភពលោកផងដែរ ដោយលោកស្រី ធ្វើការជាមួយផ្នែកឯកជន និងផ្នែករដ្ឋផងដែរ ដែលភាគច្រើនគឺពាក់ព័ន្ធ នឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។ លោកស្រីមករស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាពេលនេះ គឺជាបទពិសោធន៍ថ្មី របស់លោកស្រី។
លោកស្រី បានបញ្ជាក់ថា សាជីកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានវត្តមាននៅកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកហើយ ក្នុងនោះត្រឹមតែ១ ទសវត្សរ៍ចុងក្រោយនេះ IFC បានបោះទុនវិនិយោគនៅកម្ពុជា ដែលគិតជាទឹកប្រាក់សរុបចំនួន ១,៥ ពាន់លានដុល្លារអាមេរិក។ លោកស្រី បានបន្តទៀតថា IFC មានការប្តេជ្ញាចិត្ត
លោកស្រី មានប្រសាសន៍បន្តថា ក្នុងអាណត្តិរបស់លោកស្រី IFC នឹងធ្វើយ៉ាងណាឱ្យដំណើរការ គម្រោងរបស់វិស័យឯកជន និងវិស័យសាធារណៈ អនុវត្តបានជោគជ័យ និងចូលរួមជំរុញគោលដៅរបស់កម្ពុជា ប្រែក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្លាយជាការពិត។
លោកស្រីសន្យាថា នឹងធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងផ្នែកពាក់ព័ន្ធដទៃទៀត គាំទ្រការអភិវឌ្ឍមនុស្ស ការអភិវឌ្ឍជំនាញប ង្កើនផលិតភាពភាពប្រកួតប្រជែង ឱ្យមានការរីកចម្រើនដូចមុនវិបត្តិកូវីដ១៩ និងបន្តប្រកបដោយប្រសិទ្ធភាពក្នុងវិស័យកាត់ដេរ ជាមួយធនាគារជាតិនៃកម្ពុជា ជាមួយវិស័យកសិកម្ម កម្មន្តសាល និងវិស័យផ្សេងៗជាច្រើនទៀត។
លោកស្រី បានបង្ហាញនូវសេចក្តីរីករាយ និងមោទនភាព ដែលប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលជំនាន់មុនៗ បានលះបង់ ពុះពារគ្រប់ឧបសគ្គនៃការបែកបាក់ និងសោកនាដកម្មដោយសារសង្រ្គាមរ៉ាំរ៉ៃ ដើម្បីប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍដូចបច្ចុប្បន្ននិងមានអនាគត ដែលភ្លឺស្វាង។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់លោកស្រីតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្ដេចបានមានប្រសាសន៍ទៀតថា សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានវត្តមាននៅប្រទេសកម្ពុជាតាំងពី សម្ដេចដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី២ បន្តមកដល់យុទ្ធសាស្ត្រចតុកោណ និងរហូតមកដល់យុទ្ធសាស្ត្របញ្ចកោណ នៅពេលបច្ចុប្បន្ននេះ។
សម្តេចតេជោ បានបន្តទៀតថា ការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ និងបច្ចុប្បន្នឈានមកដល់យុទ្ធសាស្រ្តបញ្ញកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលជំនាន់ថ្មី គឺដើម្បីធានាថាប្រទេសកម្ពុជា នឹងចាកចេញពីប្រទេសអភិឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៩ រួចនឹងឈានទៅសម្រេចបាន ប្រទេសជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។
សម្តេចតេជោ បានសង្កត់ធ្ងន់កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើយើងមិនខិតខំប្រែង និងបើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យម (middle-income trap) ដូចបណ្តាប្រទេសមួយចំនួន។ ដូច្នេះហើយ រយៈពេលពីឆ្នាំ២០៣០ ទៅដល់ ២០៥០ ជារយៈពេលសាកសមមួយ ដែលអាចឱ្យកម្ពុជាចាកចេញ ពីប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ទៅជាប្រទេសចំណូលខ្ពស់បាន។
សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាមានសុទិដ្ឋិនិយម និងមានជំនឿជឿជាក់ថាអាចសម្រេចបានចក្ខុវិស័យនេះ អាស្រ័យលើការខិតខំប្រឹងប្រែង ជំនះរាល់ឧបសគ្គ ពីព្រោះការលំបាកដែលប្រទេស និងប្រជាជនកម្ពុជា បានធ្លាប់ឆ្លងកាត់មក គឺលំបាកខ្លាំងណាស់។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា បទពិសោធរបស់សម្តេចផ្ទាល់ ក្នុងការដឹកនាំប្រទេស ដោយផ្តោតអាទិភាពលើកត្តាចំនួន២៖ ទី១ គឺត្រូវតែរក្សាស្ថិរភាពនយោបាយឱ្យបានជាដាច់ខាត ព្រោះថាបើគ្មានសន្តិភាពស្ថិរភាពនយោបាយ កុំនិយាយពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍអ្វីៗទាំងអស់។ កត្តាទី២ គឺត្រូវរក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពីព្រោះកត្តាទាំងពីរនេះ មានចំណងទាក់ទងទៅវិញទៅមក និងបំពេញឱ្យគ្នាដែលមិនអាចទាត់ចោលកត្តាណាមួយបានឡើយ។ ប្រទេសដែលមានស្ថិរភាពនយោបាយ ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ប៉ុន្តែបើគ្មានស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចនោះទេ សន្តិភាព និងស្ថិរភាពនយោបាយ ក៏មិននៅបានស្ថិតស្ថិរនោះដែរ។
សម្ដេចតេជោ បានបង្ហាញនូវមោទនភាព ដែលកន្លងមកនេះ កម្ពុជាបានប្រើប្រាស់ថាមពលបៃតងជាង៦០% ដែលអាឈានដល់៧០% នាប៉ុន្មានឆ្នាំខាងមុខ តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលមានដូចជាសូឡាពន្លឺព្រះអាទិត្យ និងខ្យល់ជាដើម ក្នុងនោះយើងក៏បានប្រើប្រាស់ដីធ្លីឱ្យទៅជាគម្របបៃតង ក្នុងការដាំដំណាំផ្សេងៗដូចជាស្វាយចន្ទី កៅស៊ូ និងដំណាំឧស្សាហកម្មផ្សេងទៀតដែលជួយដល់ការរីកចម្រើននៃគម្របព្រៃឈើផងដែរ។ ក្នុងនោះទំហំពាណិជ្ជកម្មរបស់កម្ពុជា ក៏មានការកើនឡើងប្រមាណ២០% ក្នុងរយៈពេលកន្លងមកនេះ ហើយសម្ដេចសង្ឃឹមថាលោកស្រី តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នឹងរួមចំណែកដល់ការអភិវឌ្ឍដល់កម្ពុជា និងជួយជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេស ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៩ និងជាប្រទេសប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្ដេចតេជោក៏បានមានប្រសាសន៍រំលឹក ពីមូលហេតុដែលសម្ដេចបានលះបង់អំណាចពីនាយករដ្ឋមន្ត្រី នៅពេលដែលសម្ដេចនៅមានការគាំទ្រច្រើន ដែលនេះគឺជាការលះបង់មួយ ដែលសម្ដេចមិនចង់ឱ្យមានការប្រថុយប្រថាន ក្នុងវិបត្តិមេដឹកនាំ នៅពេលដែលមានការផ្លាស់ប្ដូរអំណាចនោះទេ គឺដើម្បីរក្សាបាននូវសុខសន្តិភាពយូរអង្វែង៕