ភ្នំពេញ ៖ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃ២៨ វិច្ឆិកា បានផ្តាំផ្ញើដល់និស្សិតទាំងអស់ខិតខំ បេ្តជ្ញាចិត្តរៀនសូត្រ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និង ពេលចេញទៅប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស និងប្រទេសជាតិ ។
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាព រីកចម្រើនលើការបណ្តុះបណ្តាល ការ ស្រាវជ្រាវ ការផ្តល់សេវា និងការទទួលស្គាល់នានាក្នុងកម្រិតជាតិ អន្តរជាតិដែលកើតចេញពីការ ខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និង និស្សិតរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទាំងអស់។
ទន្ទឹមនឹងនោះដែរ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខា ភិបាល ក្នុងការបង្កើនសមត្ថភាពបន្ថែមទៀត លើការងារបណ្តុះបណ្តាល ដោយត្រូវពង្រឹងគុណភាព ឱ្យបានជាប់ជាប្រចាំគ្រប់កម្រិត និងរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ជាពិសេសវគ្គវិក្រិត្យការបុគ្គលិកសុខាភិបាល ។ ខិតខំពង្រីកការផ្សព្វផ្សាយ និងលើកស្ទួយកិត្យានុភាពវិជ្ជាជីវៈសុខាភិបាល ។ ពង្រឹងសមត្ថភាពគរុកោសល្យ សម្រាប់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ។ មានការយកចិត្តទុកដាក់ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល ។ ពង្រឹងបន្ថែមនូវអភិបាលកិច្ច និងបង្កើនការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍
។ បន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមស្រប ដើម្បីបម្រើដល់ការបណ្តុះបណ្តាល និងការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីសំដៅជំរុញកៀរគរធនធាន ទាំងបច្ចេកទេស និង ការអភិវឌ្ឍ ឱ្យកាន់តែឈានឡើងក្នុងកម្រិតអន្តរជាតិ។
ក្នុងឆ្លៀតឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគ្រប់ផ្នែកទាំងអស់បន្តគាំទ្រ សហការយ៉ាងជិតស្និទ្ធជាមួយសាកល វិទ្យាល័យ ក្នុងការផ្តល់នូវសាស្រ្តាចារ្យ មកបង្រៀន និងចូលរួមកែលំអឧបករណ៍បង្រៀន វាយតម្លៃនិស្សិត ព្រមទាំងការជួយពង្រឹងគុណភាពកម្ម សិក្សាដល់និស្សិត៕