កំពង់ចាម ៖ លោក ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា គម្រោងស្ថាបនាពង្រីកផ្លូវជាតិលេខ៧ ជា ៤គន្លង ប្រវែង សរុបជាង ៤៥គីឡូម៉ែត្រ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ចាប់ផ្តើម ដំណើរការឡើងវិញហើយ តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលមានគ្រឿង ចក្រធ្វើការឈូសឆាយ ដូច្នេះរាល់ការប៉ះពាល់ផ្សេងៗ សុំឱ្យបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ អធ្យាស្រ័យ ព្រោះថានេះជា រដូវប្រាំងផង ។

លោកអភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត កំពង់ចាម នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ ។

លោក ហេង វណ្ណី បានបញ្ជាក់ទៀតថា ក្រុមហ៊ុនស្ថាបនា ពង្រីកផ្លូវជាតិលេខ៧ បានស្នើដល់មន្ទីរ អង្គភាព និងអាជ្ញាធរស្រុកជើងព្រៃ ព្រៃឈរ កំពង់សៀម និងក្រុងកំពង់ចាម សូមចូលរួមសហការឱ្យបានល្អប្រសើរ ពីព្រោះថា ការដោះស្រាយផលប៉ះពាល់ បានផ្តល់សំណងជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ អញ្ចឹងទេ បញ្ហាបណ្តាញរដ្ឋផ្សេងៗ ទាំងការ រំកិលបង្គោលអគ្គិសនី ទុយយោទឹក និងខ្សែកាបអុបទិក សូមឱ្យអង្គភាពពាក់ព័ន្ធចូលរួមអនុវត្តឱ្យ បានល្អ ដើម្បីជំរុញឱ្យការសាងសង់ផ្លូវជាតិនេះ មានល្បឿនលឿន ឆាប់បញ្ចប់ ជៀសវាងផលប៉ះ ពាល់យូរអង្វែង។

ក្នុងកិច្ចប្រជុំនេះដែរ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖
ទី១ ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
ទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែ វិច្ឆិកា និងលើកទិសដៅប្រចាំខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្តកំពង់ចាម។
ទី៣ ៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តី សម្រេចស្តីពីការបង្កើតគណៈកម្មការ រៀបចំគម្រោងខេត្តឆ្នាំ២០២៥។ ៤-បញ្ហាផ្សេងៗ ៕
