ភ្នំពេញ ៖ លោក Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (UN) បានថ្លែងបញ្ជាក់ថា កម្ពុជាមានទំនាក់ទំនងរឹងមាំ ជាមួយអង្គការសហប្រជាជាតិ ដែលបន្តពង្រឹងនិងរួមចំណែក ក្នុងការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

ការបញ្ជាក់ របស់អគ្គលេខាធិការ រងអង្គការសហប្រជាជាតិ ធ្វើឡើងក្នុងឱកាសលោកចូលរួមតាមវីឌីអូ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី (UNTPP) ដែលធ្វើឡើងនៅ សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា វគ្គហ្វឹកហ្វឺននេះគឺមានរយៈពេល៥សប្តាហ៍ បានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបាន បញ្ចប់វគ្គនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ។ វគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី ស្ដីពីការប្រើប្រាស់វិស្វកម្មធុនធ្ងន់ ការយល់ដឹង អំពីគ្រោះថ្នាក់ នៃ គ្រឿងផ្ទុះ និងសង្គ្រោះលើទីលាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ ដល់សិក្ខាកាមជាតិ និងអន្តរជាតិ ក្នុងគោលបំណង បង្កើនសមត្ថភាពលើជំនាញ បច្ចេកទេស បញ្ជា-ថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ជាមួយការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់ នៃគ្រឿងផ្ទុះ/ គ្រឿងផ្ទុះកែច្នែ (IED/C-IED) ក្នុងពេលប្រតិបត្តិការ និងនីតិវិធីជួយសង្គ្រោះ នៅលើទីលាន ក្នុងដំណាក់កាលបឋម ឱ្យមានសមត្ថភាព និងស្ទាត់ជំនាញដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ ខ.ភ.ម ដើម្បីគាំទ្រដល់ប្រតិបត្តិការ ឱ្យមានប្រសិទ្ធភាព ខ្ពស់ និងស្របតាមតម្រូវការរបស់បេសកកម្ម អ.ស.ប។ ហើយវគ្គហ្វឹកហ្វឺននេះ មានការចូលរួមពីសំណាក់មន្រ្តី អង្គការសហប្រជាជាតិ យោធាចារ្យអូស្ត្រាលី ជប៉ុន និងសាធារណរដ្ឋកូរ៉េ ព្រមទាំងមានសិក្ខាកាមមកពីប្រទេសកម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និងស្រីលង្កា ។

ជាមួយគ្នានោះ លោក Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានថ្លែងផ្ទាល់ពីការិយាល័យកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក តាមវីឌីអូ ដោយបាន បញ្ជាក់ថា វគ្គហ្វឹកហ្វឺនបែបពហុសសរស្តម្ភរួមបញ្ជូលគ្នានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការកសាងសមត្ថភាពតាមរយៈការហ្វឹកហ្វឺនភាពជាដៃគូ ប្រកបដោយភាពច្នៃប្រឌិត ដូចជាកម្មវិធីភាពជាដៃគូត្រីភាគីនេះជាដើម។

លោកបញ្ជាក់បន្ថែមថា «កម្ពុជាមានទំនាក់ទំនងរឹងមាំ ជាមួយអង្គការសហប្រជាជាតិ ដែលបន្តពង្រឹងនិងរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ»។ ជាមួយគ្នា លោកក៏បានអរគុណដល់កម្ពុជា និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពNPMEC ដែលបានធ្វើជាម្ចាស់ផ្ទះ និងពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការបង្កើនចំណេះដឹងផ្នែករក្សាសន្តិភាព និងកសាងក្រុមរក្សាសន្តិភាពដ៏មានឥទ្ធិពលរួមគ្នា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វគ្គហ្វឹកហ្វឺននេះ តំណាងឱ្យសមិទ្ធិផលសម្រាប់រដ្ឋជាសមាជិកចូលរួមទាំងអស់គ្នា ជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀត ជាពិសេស សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងប្រទេសជប៉ុន ដែលបានចូលរួមជួយសម្រាប់វគ្គហ្វឹកហ្វឺន និងបានបញ្ចប់វគ្គដោយទទួលបានជោគជ័យ។

ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីស្នាដៃរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អតីតៈអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចាប់ផ្តើមកសាងឡើង តាំងពីឆ្នាំ២០០៥មក និងទទួលបានជោគជ័យយ៉ាងធំធេង លើឆាកអន្តរជាតិ ទាក់ទិនទៅនឹង ការចាត់បញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅចូលរួមបំពេញ បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ លើ១២បេសកកម្ម ក្នុងប្រទេសចំនួន១០ ដែលមានកម្លាំងសរុបជិត១ម៉ឺននាក់ ក្នុងរយៈពេល១៨ឆ្នាំមកនេះ ៕



