ព័ត៌មានជាតិ

ស​ម្តេចធិបតី៖ បច្ចេកវិទ្យាឌីជីថល​ បានក្លាយជាផ្នែកមួយ របស់ជីវីតប្រចាំថ្ងៃទៅហើយ

" "

ភ្នំពេញ​៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ឃើញថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយ របស់ជីវីតប្រចាំថ្ងៃរបស់យើងទៅហើយ ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុង​ឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។

" "

ក្នុងឱកាសនោះ សម្តេចធិបតី ជឿជាក់ថា ប្រហែលជាមានមនុស្សតិចណាស់ ឬថាគ្មានតែម្តង ចំពោះអ្នកដែលមិនមាន Smart Phone (ទូរសព្ទវៃឆ្លាត) ប្រើ, ហើយមិនជឿថាមានមនុស្សច្រើន ដែលមិនមានប្រព័ន្ធទំានក់ទំនង តាមកម្មវិធី ដូចជា App WhatsApp Telegram Facebook TikTok ជាដើម។

" "

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ឃើញថា ទោះបីជាតំបន់ដាច់ស្រយ៉ាលតាមបណ្តោយព្រំដែន ដែលជាតំបន់ដាច់ស្រយាល់បំផុត ក៏មានមនុស្សសុំសម្តេចថតរូប ជាមួយទូរសព្ទSmart Phone សម្រាប់ការបង្ហោះលើបណ្តាញសង្គម ឬលើប្រព័ន្ធអ៊ីធើណេតដែរ នេះបានន័យថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយ របស់ជីវីតប្រចាំថ្ងៃរបស់ទៅហើយ ។

ជាងនេះទៅទៀត សម្តេចធិបតី កត់សម្គាល់ឃើញទៀតថា គ្រប់គ្នា បានយកទូរសព្ទ ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត សម្រាប់ផ្ទុកឯកសារ ឬសម្រាប់ទំនាក់ទំនងនានា ដែលជាកិច្ចការសំខាន់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ បូករួមទាំងទិន្ន័យជាច្រើនផងដែរ ។

សម្តេចធិបតី មានប្រសាសន៍ថា “ឥឡូវយើងប្រែក្លាយពីពឹងផ្អែកទៅលើកុំព្យូទ័រ មកពឹងផ្អែកទៅលើឧបករណ៍របស់យើង ទូរសព្ទដៃ គឺប្រព័ន្ធឌីជីថលនេះឯង ហើយនេះហើយបានយើងនិយាយថា ឌីជីថលក្លាយទៅជាផ្នែកមួយនៃជីវិតរបស់យើង”៕

To Top