ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសេចក្តីក្លាហាន របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មាន ដែលផ្តល់ថវិកា ដោយរដ្ឋាភិបាលអាមេរិកជាមុន។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយលោកប្រធានាធិបតីត្រាំ ដោយភ្ជាប់នូវខ្លឹមសារទាំងស្រុងថា៖ « យើងគួរតែវាយតម្លៃខ្ពស់ ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហាន ចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មាន ដែលផ្តល់ថវិកា ដោយរដ្ឋាភិបាលអាមេរិកជាមុន។ នេះជាការរួមចំណែកដ៏ធំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនា ដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។ ដូចខ្ញុំបានជំរាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ ថា ការមិនទុកលើអាមេរិក ដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហរ រដ្ឋាភិបាលអាមេរិក។ ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូច នៃបណ្តាញព័ត៌មាននេះ ឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋា ភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ។សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ»។

សូមរំលឹកថា លោកប្រធានាធិបតីត្រាំ កាលពីថ្ងៃទី១៥ មីនា ២០២៥ បានចេញបញ្ជាឱ្យក្រុមអ្នកសារព័ត៌មាន និងបុគ្គលិកផ្សេងទៀតសរុបរាប់ពាន់នាក់នៅវិទ្យុល្បីៗ ដែលទទួលបានជំនួយមូលនិធិ ពីសហរដ្ឋអាម៉េរិក រួមមានវិទ្យុសំឡេងសហរដ្ឋអាម៉េរិក (VOA) វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុអឺរ៉ុបសេរី (RFE) ឱ្យចាកចេញពីការិយាល័យរបស់ពួកគេជាបន្ទាន់ ពោលគឺឱ្យពួកគេលាឈប់ពីការងារភ្លាមៗតែម្ដង៕
