ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ៖ ប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និង កំណើន ប្រកបដោយចីរភាព និងភាពធន់» នៃទិវាពលកម្មអន្តរជាតិឆ្នាំនេះ ឆ្លុះបញ្ចាំងនូវ វប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ និងទំនួលខុសត្រូវ ផ្នែកសង្គមរបស់សហគ្រាស

ស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ» ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកប ដោយចីរភាព និងភាពធន់» និងពិធីប្រគល់ប័ណ្ណសរសើរ ជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤។

ថ្លែងនៅក្នុងពិធី ដែលត្រូវបានប្រារព្ធធ្វើរួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង ជាមួយបងប្អូនកម្មករ និយោជិត អ្នកចូលរួមប្រមាណ ២ពាន់នាក់ នាពេលនេះ លោក​ ហេង សួរ បានគូសបញ្ជាក់ថា ប្រធានបទឆ្នាំនេះ ពិតជាបានឆ្លុះបញ្ចាំង នូវចក្ខុវិស័យមួយ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្មករនិយោជិត និងនិយោជកចូលរួមអនុវត្ត ដើម្បីបង្កើតបាន នូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស។

លោករដ្ឋមន្ត្រី បានចាត់ទុកកម្មករ និយោជិត គឺជាសមាជិកគ្រួសារ ជាកោសិកា ជាសរសៃឈាម និងជាដៃជើងដែលមិនអាចខ្វះបាន ក្នុងការចូលរួម ចំណែកនាំកម្ពុជា និង សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅមុខ នាពេលកន្លងមក និងនាពេលខាងមុខ ខណៈពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងបន្តទាក់ទាញ វិនិយោគិនមកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតសហគ្រាស បង្កើតការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តែងតែយកចិត្តទុកដាក់ឱ្យតម្លៃខ្ពស់ និងធានានូវការលើកកម្ពស់សិទ្ធិសេរីភាព អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព និងសុខុមាលភាព របស់បងប្អូនកម្មករនិយោជិតគ្រប់ពេលវេលា ខណៈដែលបងប្អូនកម្មករនិយោជិតក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ រាប់លាននាក់សុទ្ធតែជាបុគ្គលសំខាន់ ដែលក្រសួងត្រូវធានាឱ្យបាននូវឱកាសស្មើៗគ្នា ការងារសមរម្យ លក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យ មានប្រព័ន្ធសន្តិសុខសង្គម និងទំនាក់ទំនងវិជ្ជាជីវៈល្អ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោក​ ហេង សួរ ក៏បានប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានចំនួន៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ដែលមានស្នាដៃល្អក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការប្រចាំឆ្នាំ២០២៤ ផងដែរ៕

To Top