សាស្ត្រាចារ្យ ឈាង រ៉ា ៖ ថ្នាក់ដឹកនាំសុខាភិបាល ត្រូវឆាប់មើលឱ្យ ឃើញបញ្ហាប្រឈម
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី១០ វិច្ឆិកា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវឆាប់មើលឱ្យឃើញនូវរាល់បញ្ហាប្រឈមទាំងឡាយ និងគិតមុនជាស្រេច នូវដំណោះស្រាយផ្សេងៗ។

ក្នុងកិច្ចប្រជុំនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ណែនាំ និងផ្តល់នូវអនុសាសន៍ ឱ្យមន្ទីរសុខាភិបាល នៅតាមខេត្តជាប់ព្រំដែន ត្រូវពិនិត្យមូលដ្ឋានសុខាភិបាល ដែលផ្អាកដំណើរ ក្នុងកំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ដោយរៀបចំឱ្យដំណើរការឡើងវិញ ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋ , បន្តពង្រឹងការបម្រើសេវា ប្រកបដោយគុណភាព សមធម៌ និងក្រមសីលធម៌ ដើម្បីបង្កើន ទំនុកចិត្តដល់ប្រជាពលរដ្ឋ , គ្រប់មូលដ្ឋានសុខាភិបាល ត្រូវមានពិធីសារ (Protocol) ដោយបិតលើជញ្ជាំង ងាយស្រួលក្នុងការមើល និងអនុវត្តការងារ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ក្នុងនោះក៏ត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការងារនិយ័តកម្ម និងការងារឱសថ ដោយផ្តោតសំខាន់លើគុណភាព និង ការផលិតឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស , ពង្រឹងបន្ថែមការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ នូវការបម្រើសេវាសុខាភិបាល នៅតាមអង្គភាពរៀងៗខ្លួន , គ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវខិតខំស្វែងយល់ និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែរលូន , ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវចុះពិនិត្យ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជាប្រចាំទាំងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ឥរិយាបថជាមួយ អ្នកជំងឺ ដើម្បីពិនិត្យរកចំនុចខ្វះខាតកែលម្អ និងជំរុញការចុះពង្រឹង មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយធ្វើការផ្ទៀងផ្ទាត់ នូវចំនុចដែលត្រូវកែលម្អឱ្យកាន់តែល្អប្រសើរ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាកដឹកនាំ មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល រាជធានី ខេត្ត ជាពិសេសការិយាល័យ ស្រុកប្រតិបត្តិ មណ្ឌលសុខភាព ដែលនៅគៀកនឹងប្រជាពលរដ្ឋ ត្រូវពង្រឹងការបម្រើសេវាគុណភាព ប្រសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋកម្រិតមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង៕








