ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ
ព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo., LTD ) ដែលមានលោក ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក បានបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ (ទីតាំងស្តុក) របស់ក្រុមហ៊ុន ស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាជំហានថ្មីមួយទៀត របស់ក្រុមហ៊ុនក្នុងស្រុកមួយនេះ លើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈ។

ពិធីបញ្ចុះបឋមសីលាសាងសង់ មណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ធ្វើឡើងនៅព្រឹកថ្ងៃ១០ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមាន លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្នុងនោះលោកអភិបាលរងខេត្ត បានថ្លែងនូវការអបអរសាទរ ចំពោះដំណើរការសាងសង់ មណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ដែលនឹងរួមចំណែកបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគ អ្នកវិនិយោគិនក្នុងស្រុក ។
បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឱ្យដឹងថា គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លាអាមេរិក និងមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
អ្នកឧកញ៉ាបន្ថែមថា អត្ថប្រយោជន៍នានាចេញពីគម្រោងនេះ រាប់ចាប់ពីការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, និងការបង្កបរិយាកាសវិជ្ជមាន សម្រាប់វិនិយោគិន ហើយគម្រោងនេះក៏និងរួមចំណែកយ៉ាងសំខាន់លើការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ឥន្ធនៈនៅកម្ពុជាផងដែ៕

























