ព័ត៌មានជាតិ

ក្រសួងសាធារណការ ៖ បណ្ណបើកបរយានយន្ត មានសុពលភាពអចិន្ត្រៃយ៍ ត្រូវបានអនុញ្ញាតឱ្យប្រើត្រឹមថ្ងៃទី៣០ មិថុនា ជាកំហិត

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បណ្ណបើកបរយានយន្ត មានសុពលភាពអចិន្ត្រៃយ៍ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជាកំហិត។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថា ចំពោះលោក លោកស្រី កាន់បណ្ណបើកបរមានសុពលភាពអចិន្ត្រៃយ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការជូនដំណឹង ថា «បណ្ណបើកបរយានយន្ត ដែលមានសុពលភាពអចិន្ត្រៃយ៍ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជាកំហិត។ បណ្ណបើកបរយានយន្ត ដែលមានសុពលភាពរហូតដល់អាយុ ៦០ឆ្នាំគិតពីឆ្នាំកំណើត លោក លោកស្រី អាចបន្តប្រើប្រាស់បណ្ណបើកបរបានរហូតដល់ថ្ងៃអស់សុពលភាពដែលបាន កំណត់នៅលើបណ្ណនោះ»។

ដោយឡែក ចំពោះសាធារណជនដែលមានបំណងចង់ប្តូរយកបណ្ណបើកបរយានយន្តគំរូថ្មី (ដែលមាន សុពលភាព ១០ឆ្នាំ) ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំប្តូរជូនទៅតាមនីតិវិធីជាធរមាន។

ក្រសួង គូសបញ្ជាក់ថា «អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមប្រញាប់រួសរាន់មកធ្វើ បច្ចុប្បន្នភាពនិងប្តូរបណ្ណបើកបរយានយន្ត ឱ្យបានទាន់ពេលវេលា មុនថ្ងៃផុតកំណត់ខាងលើ ដើម្បីចៀសវាង រងការផាកពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»៕

To Top