ព័ត៌មានជាតិ

នៅតំបន់ភ្នំថ្មកំបោរ ត្រូវបានរកឃើញសត្វប្រភេទថ្មី និងកម្រជាច្រើន

ភ្នំពេញ ៖ តាមរយៈរបាយការណ៍ ស្តីពីការសិក្សាជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ បានបោះពុម្ពផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញពីប្រភេទសត្វជាច្រើន ដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរ ក្នុងប្រទេសកម្ពុជា ។

តាមរយៈការសិក្សារូងភ្នំជាង ៦០នៅតាមតំបន់ភ្នំចំនួន ១០ នៅខេត្តបាត់ដំបង នៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះ បានរកឃើញសត្វដែលគួរ ឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែ នៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។

ដឹកនាំដោយអង្គការសត្វព្រៃ និង រុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ បានរកឃើញសត្វជាច្រើន ដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន ៣ ប្រភេទ ដូចជា តុកកែភ្នំកំពីងពួយ(Cyrtodactylus kampingpoiensis) ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) និង ជីងចក់ស្លឹកបាត់ដំបង(Dixonius noctivagus) ប្រភេទខ្យង២ ប្រភេទ ខ្យងឧទយាទិត្យ (Clostophis udayaditinus) និង ខ្យង Chamalycaeus aduncus) ប្រភេទម្រើមព្រះ ២ ប្រភេទ (Orthomorpha efefai) និង Orthomorpha battambangiensis) ដែលប្រភេទថ្មីទាំង ៧ នេះត្រូវបានបោះពុម្ពផ្សាយជាសាធារណ: ខណៈដែលតុកកែថ្មីចំនួន ៣ ប្រភេទទៀត (Gehyra sp. nov.) (Cyrtodactylus sp. nov. ) និង (Dixonius sp. nov.) និងប្រភេទពស់ pit viper (Trimeresurus sp. nov.) កំពុងត្រូវបានកំណត់អត្តសញ្ញាណ។

ការស្រាវជ្រាវនេះ ក៏បានកត់ត្រានូវវត្តមាននៃប្រភេទសត្វដែលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទ រួមមាន៖ សត្វពង្រូល ស្វាព្រាម ស្វាក្តាម ស្វាត្រោស ក្ងោក និងសត្វកែះជាដើម ដែលបង្ហាញពីតម្រូវការបន្ទាន់ក្នុងការការពារជម្រកទាំងនេះ។

តំបន់ទេសភាពភ្នំថ្មកំបោរគឺជាការបណ្តុំចូលគ្នានៃភ្នំថ្មកំបោរ និងរូងភ្នំ ដែលបង្កើតបានជាលក្ខណៈពិសេសៗដូចជារណ្តៅទឹក ប្រភពទឹក និងអូរក្រោមដីជាដើម។ ទោះបីជាការស្រាវជ្រាវនៅតំបន់នេះនៅមានកម្រិតនៅឡើយ តែតំបន់ភ្នំថ្មកំបោរគឺជាជម្រកដ៏សំខាន់បំផុតមួយនៅលើផែនដី ដែលសំបូរទៅដោយជីវ:ចម្រុះដ៏ពិសេសៗ មានវត្តមានតែនៅក្នុងតំបន់ជាក់លាក់ណាមួយប៉ុណ្ណោះ ។ តំបន់ទេសភាពទាំងនេះក៏មានសារៈសំខាន់ ខាងផ្នែកវប្បធម៌ និងសាសនាចំពោះសហគមន៍មូលដ្ឋាន ហើយត្រូវបានគេឱ្យតម្លៃកាន់តែខ្លាំងឡើងៗ សម្រាប់អេកូទេសចរណ៍ផងដែរ។

តំបន់ទេសភាពភ្នំថ្មកំបោរ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការជីកយករ៉ែ ការគ្រប់គ្រងសកម្មភាពទេសចរណ៍មិនត្រឹមត្រូវ ភ្លើងឆេះព្រៃ ការកាប់ព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ជាដើម។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន មានប្រសាសន៍ថា «ការសិក្សាស្រាវជ្រាវដ៏មានសារ:សំខាន់នេះបង្ហាញជាថ្មីម្តងទៀតថា កម្ពុជាគឺជាប្រទេសដែលមានភាពសម្បូរបែបនៃធនធានធម្មជាតិ និងជីវជម្រុះដែលមានតម្លៃទាំងនៅក្នុងស្រុក និងសម្រាប់សកលលោក។ ប្រព័ន្ធអេកូឡូស៊ីរបស់យើង មិនត្រឹមតែជាទីជម្រកនៃប្រភេទសត្វកម្រ និងប្រភេទថ្មីៗសម្រាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវតម្លៃផ្នែកវប្បធម៌ ប្រពៃណី និងសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋានផងដែរ»៕

To Top