ព័ត៌មានជាតិ

មេសិទ្ធិមនុស្ស ៖ កម្ពុជា អនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នូវរាល់បទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងលុបបំបាត់ ការរើសអើងគ្រប់ទម្រង់

មណ្ឌលគិរី ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា កម្ពុជា តែងតែគោរព និងអនុវត្ត បានយ៉ាងខ្ជាប់ខ្ជួន នូវរាល់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងការលុបបំបាត់ ការរើសអើងគ្រប់ទម្រង់។

ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា «កម្ពុជាតែងតែគោរព និងអនុវត្តបានយ៉ាង ខ្ជាប់ខ្ជួននូវរាល់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សដែលកម្ពុជាជារដ្ឋភាគី រួមទាំងអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ ដែលកម្ពុជាបានផ្តល់ សច្ចាប័នតាំងពីឆ្នាំ១៩៨៣ ។ ភ្ជាប់ទៅនឹងការមិនរើសអើងពូជសាសន៍នេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាបាន នូវគោលជំហរមិនរើសអើង បើទោះជាកម្ពុជាមានវិបត្តិជម្លោះព្រំដែន ជាមួយប្រទេសថៃក៏ដោយ»។

លោកទេសរដ្ឋមន្ត្រី បន្ដថា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាជនទូទៅឱ្យគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន ដោយមិនត្រូវមានការរើសអើង ឬការប្រើប្រាស់អំពើហិង្សា ឬបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រជាជន ពលករ ឬអ្នកជំនួញជាជនជាតិថៃដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ដែលបង្កឱ្យមានការរើសអើងពូជសាសន៍ ឬជនជាតិឡើយ ។ លើលពីនេះ ជនជាតិថៃ ដែលជាប់ឃុំនៅក្នុងពន្ធនាគារ ក៏ទទួលបានការការពារសុវត្ថិភាព ពីការរើសអើង និងអំពើហិង្សាផងដែរ ។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា ទាំងនេះ គឺជាមូលដ្ឋានយ៉ាងសំខាន់បង្ហាញ ពីការគោរពតម្លៃពីកំណើតរបស់មនុស្ស និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាសន្តិភាពជាមួយប្រទេសជិតខាង ផ្ទុយពីយោធាថៃ ដែលបានឈ្លានពាន និងប្រព្រឹត្តទង្វើល្មើសច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ អន្តរជាតិសព្វបែបយ៉ាង រួមមានការបិទច្រកព្រំដែន ដោយឯកតោភាគី ការចាប់ទាហ៊ានខ្មែរ ២០រូប ដោយខុសច្បាប់ ការចាប់រំលោភបូក ពលការិនីកម្ពុជា ការប្រើប្រាស់ អំពើហិង្សាលើពលករខ្មែរ ដែលរស់នៅប្រទេសថៃ និងការប្រើប្រាស់សំឡេង រំខានដោយហ្រ្វេកង់ខ្ពស់ ជាដើម៕

To Top