ព័ត៌មានជាតិ

ប្រតិបត្តិការបង្ក្រាប Scam Online នៅភូមិគ្រឹះមួយកន្លែង ក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស ២០នាក់

ព្រះសីហនុ ៖ ប្រតិបត្តិការបង្ក្រាបករណី Scam Online មួយកន្លែងនៅវីឡាភូមិគ្រឹះ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ចំនួន២០ នាក់ ក្នុងនោះខ្មែរ ចំនួន ៣នាក់ នៅថ្ងៃទី២៣ មីនា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ អនុវត្តន៍តាមបទបញ្ជា របស់លោក ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាព ខេត្តព្រះសីហនុ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណី Scam Online មួយកន្លែង នៅវីឡាភូមិគ្រឹះស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លទ្ធផលនៃប្រតិបត្តិការខាងលើនេះ គឺបានឃាត់ខ្លួនមនុស្ស និងវត្ថុតាង ដូចជា ៖ ឃាត់ខ្លួនជនបរទេស ចំនួន២០ នាក់ ក្នុងនោះខ្មែរ ចំនួន៣នាក់ , កុំព្យូទ័រ ២៤ គ្រឿង និងទូរស័ព្ទចំនួន ៣៨៩គ្រឿង។ បច្ចុប្បន្នជនបរទេស និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី។

នេះគឺជាសកម្មភាពដ៏សំខាន់មួយរបស់គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសទៅលើការបង្ក្រាប បទល្មើសឆបោកតាមអនឡាញ (Scam Online) និងការគ្រប់គ្រងជនបរទេសដែលស្នាក់នៅខុសច្បាប់ ដែលស្របទៅនឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ។ ការចុះប្រតិបត្តិការ ដែលទទួលបានលទ្ធផលជាក់ស្តែងបែបនេះ គឺជាសារមួយយ៉ាងច្បាស់ ដល់ក្រុមជនល្មើសថា សមត្ថកិច្ចកម្ពុជាមិនអត់ឱនចំពោះសកម្មភាពខុសច្បាប់ទាំងនេះឡើយ៕

To Top