លោក ឃួង ស្រេង ៖ ស.ស.យ.ក ជាអ្នករៀបចំព្រឹត្តិការណ៍ នគរសង្ក្រាន្ដ ខណៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលខុសត្រូវទាំងស្រុង លើសន្តិសុខ សុវត្ថិភាព
ភ្នំពេញ៖ លោក ឃួង ស្រេង បានណែនាំឱ្យក្រុមការងារ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជូលបន្ថែមការងារ ទៅឱ្យសហភាព សហពន្ធ័យុវជនកម្ពុជា ពិសេសលើការរៀបចំតុបតែង ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ឆ្នាំ២0២៦ ព្រោះថា សហភាពសហពន្ធ័ យុវជនកម្ពុជា មានបទពិសោធន៍ច្រើន លើការងាររៀបចំនេះ ទទួលបានជោគជ័យរហូតមកហើយ ។

ការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញខាងលើនេះ ធ្វើឡើងកិច្ចប្រជុំត្រួត ពិនិត្យវឌ្ឍនៈភាព នៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក សំហេង បុរស សមជិកគណៈអចិន្ត្រែយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថា ការរៀបចំតុបតែង ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរឆ្នាំមមី ឆ្នាំ២០២៦នេះ ត្រូវប្រគល់ជូនទៅសហភាពសហពន្ធ័យុវជនកម្ពុជា ជាអ្នករៀបចំ ដោយសហភាពសហពន្ធ័យុវជនកម្ពុជា មានបទពិសោធន៍ច្រើន លើការងាររៀបចំព្រឹត្តិការណ៌នេះ រហូតទទួលបានជោគជ័យជាង១០ឆ្នាំរួចមកហើយ។ ចំណែកគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ទទួលខុសត្រូវទាំងស្រុង លើការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

លោក ឃួង ស្រេង បានបន្តថា ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ជាព្រឹត្តិការណ៍ធំមួយរបស់ជាតិ ដែលទាមទាឱ្យការរៀបចំ ការតុបតែង និងការរក្សាសន្តិសុខ សុវត្ថិភាព ត្រូវតែម៉ត់ចត់បំផុត ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ មេសា។

លោក ឃួង ស្រេង សូមឱ្យកងកម្លាំងនិងអាជ្ញាធរទាំងអស់ ដាក់ចិត្តដាក់កាយធ្វើការងារនេះ ដើម្បីមុខមាត់ប្រទេសជាតិ និងប្រជាជនយើង ដោយគ្រប់គណៈកម្មាការទាំងអស់ មានបញ្ហាអីត្រូវរាយការណ៍ ទៅលេខាធិការដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីនេះទទួលបានភាពជោគជ័យ និងសប្បាយរីករាយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៩មេសា រៀបចំលើ៦ទីតាំង ដោយក្នុងនោះមានទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀតសម្រាប់ទីតាំងធំៗ៣កន្លែងនោះ រួមមាន៖ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខនិងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខវត្តបទមវតី ទី២ បាសាកលេននៅផ្លូវ៣០៨ និងទី៣ នៅផ្លូវលេខ១៥៥និងជុំវិញផ្សារទួលទំពូង៕




