៣ខែនៃបទឈប់បាញ់ កម្ពុជារក្សាសិទ្ធិ ពេញលេញដោះស្រាយជម្លោះ ព្រំដែនដោយសន្តិវិធី
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា គិតចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ មានរយៈពេល៣ខែគត់ ដែលកម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃដោយសន្តិវិធី ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកប៉ែន បូណា លើកឡើងថា បទឈប់បាញ់នេះកើតឡើង ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូត ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងសមាគមអាស៊ាន ដែលមានប្រទេសម៉ាឡេស៊ី ជាប្រធានប្តូរវេនក្នុងឆ្នាំ២០២៥។ ដូច្នេះ នេះជាឱកាសដែលយើង គួររម្លឹកឡើងវិញពីអត្ថន័យ និងលទ្ធផលដែលកើតចេញពីបទឈប់បាញ់នេះ ។
លោកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនជនរួមជាតិក្រោយសម្រេចបានបទឈប់បាញ់នេះថា កិច្ចខិតខំប្រឹងប្រែងឱ្យមានបទឈប់បាញ់ សបញ្ជាក់ថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បង និងខ្ពស់បំផុត ។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា “ទន្ទឹមនឹងនោះ កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់” ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមទៀតថា ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ក៏បានគូសបញ្ជាក់ច្បាស់ថា កម្ពុជាដើរលើផ្លូវសន្តិភាព តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរ នៃប្រជាជាតិរបស់ខ្លួនបានឡើយ ។ លោកអ្នកនាំពាក្យអះអាងថា នេះក៏អាចនិយាយបានថា ការសម្រេចបានសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេស របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) គឺជាគោលបំណងដ៏ពិសិដ្ឋ របស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា ដើម្បីបញ្ចៀសការស្លាប់ ការរងរបួស ការបង្ហូរឈាម និងសោកនាដកម្មដ៏មហន្តរាយមកលើប្រទេសជាតិ ដែលប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតឆ្អន់ និងបានស្គាល់រសជាតិយ៉ាងច្បាស់រួចទៅហើយ ៕
