កម្ពុជា-ប្រទេសស្វីស ពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យ TVET ដើម្បីជំរុញការលើកកម្ពស់ ជំនាញកម្លាំងពលកម្ម ឆ្លើយតបទីផ្សារការងារ
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Reto Grüninger នាយកទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការបន្តកិច្ចគាំទ្រ លើអភិបាលកិច្ច និងការសម្របសម្រួលលើប្រព័ន្ធ TVET នៅកម្ពុជា ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រទេសស្វីស ដែលចូលរួមគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងនិង SDC ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំពារ និងការអភិវឌ្ឍជំនាញ សម្រាប់ជនទេសន្តរប្រវេសន៍ ក៏ដូចជាកម្លាំងពលកម្មកម្ពុជា តាមរយៈការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(TVET) ឱ្យស្របទៅតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្ម។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានលើកឡើងពីវឌ្ឍភាពការងារ និង ទិសដៅអាទិភាពចម្បងៗរបស់ក្រសួង ឱ្យស្របតាមស្តង់ដា និងកាន់តែមានភាព ប្រមូលផ្តុំលើការផ្តល់ការបណ្តុះបណ្តាល ការធានាគុណភាព និងអភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ សេដ្ឋកិច្ចឌីជីថល និងសង្គម និងសេដ្ឋកិច្ចបៃតងផងដែរ។

ជាមួយគ្នានេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់ អតីតពលករពីប្រទេសថៃ អាចទទួលបានការ ទទួលស្គាល់ជំនាញ លោក ហេង សួរ មានប្រសាសន៍ថា ក្រសួងបានរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) សម្រាប់ពួកគាត់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់ ។ ការធ្វើតេស្តនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ហើយបងប្អូនដែលបានឆ្លងកាត់ការវាយតម្លៃនេះជាប់ នឹងទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ជំនាញពីមុនជាផ្លូវការ។

លោករដ្ឋមន្រ្តីក៏បានរំលេចដែរថា ក្នុងពេលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង រថយន្តអគ្គិសនី (EV) និងថាមពលព្រះអាទិត្យ ឬថាមពលកកើតឡើងវិញ គឺកំពុងទទួលបានការយកចិត្តទុកដាក់ខ្លាំងពីរាជរដ្ឋាភិបាល ។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធនាំចូលរថយន្ត EV ដើម្បីឲ្យមានកំណើននៅកម្ពុជា និងមានតម្លៃសមរម្យជាងមុន។ ទន្ទឹមនេះ ក្រសួងយល់ស្របថា ជំនាញមេកាត្រូនិច (mechatronics) និង អគ្គិសនី គឺជាមូលដ្ឋាន សម្រាប់បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ព្រោះថាមិនថា នៅក្នុងរោងចក្រ ឬវិស័យយានយន្តទេ មេកាត្រូនិច គឺជាជំនាញស្នូល ដែលក្រសួងត្រូវការ ។ ក្រៅពីនេះ វាត្រូវការឲ្យសិស្សមានមូលដ្ឋាន ខាងវិទ្យាសាស្ត្រខ្លាំងជាងមុន ព្រោះវាជាការរួមបញ្ចូលគ្នា រវាងមេកានិច អេឡិចត្រូនិច និងបច្ចេកវិទ្យា ក៏ដូចជា AI។

ជាការឆ្លើយតប លោក Reto Grüninger បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក៏ដូចជា វឌ្ឍនភាពការងារក្នុងការលើកកម្ពស់ជំនាញកម្លាំងពលកម្មនៅកម្ពុជា ដោយលោកគូសបញ្ជាក់ថា SDC តែងតែព្យាយាមធ្វើឱ្យមានភាពបត់បែន ហើយពិតជាបន្តការគាំទ្រនូវអ្វីដែលដែលអាចធ្វើឱ្យកាន់តែមានភាពស៊ីជម្រៅ និងការសម្របសម្រួល ដែលមានន័យកាន់តែល្អសម្រាប់ភាគីទាំងពីរ ។ SDC ពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការធ្វើឱ្យអ្វីៗដំណើរ និងក្លាយជាប្រយោជន៍ ដល់ប្រជាជន ជាពិសេសយុវជនកម្ពុជា ដែលត្រូវការការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ។

ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ផលិតភាព និងចក្ខុវិស័យនេះ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ភាពជាដៃគូដ៏ចាំបាច់នេះ ឱ្យកាន់តែរីកចម្រើន ដែលរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍធនធានមនុស្ស និងវិស័យការងារនៅកម្ពុជា៕



