ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ៖ សកម្មភាពធ្វើពិធីសាសនារបស់ភាគីថៃ នៅប្រាសាទតាក្របី មានលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានតវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាព ខុសច្បាប់របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ។ ចំពោះសកម្មភាពនេះ ត្រូវបានក្រសួងចាត់ទុកថា បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងវប្បធម៌ បានឱ្យដឹងថា ក្រសួងបន្តធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់ របស់អាជ្ញាធរ ថៃ នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅ ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

សេចក្តីថ្លែងការណ៍បន្តថា ទោះបីមានការតវ៉ាជា បន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំ ការជួបជុំសាធារណៈ សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់នោះ។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាសកម្មភាពខុសច្បាប់។

ក្រសួងវប្បធម៌ ធ្វើការតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់មន្រ្តីជាន់ខ្ពស់ថៃ រួមទាំងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅប្រាសាទតាក្របី ក៏ដូចជាការរៀបចំសកម្មភាពនៅទីតាំងនេះ នៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២៦។ វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមការចរចា ។

ក្រសួងវប្បធម៌ អំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ភ្លាមៗ នូវសកម្មភាពទាំងអស់នៅប្រាសាទតាក្របី ដកចេញនូវសមត្ថកិច្ចទាំងអស់ចេញពីទីតាំង និងបញ្ឈប់សកម្មភាព នានាដែលកំពុងធ្វើ។ កម្ពុជាបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC ៕

To Top