ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ រាជរដ្ឋាភិបាល លះបង់គ្រប់បែបយ៉ាង គឺដើម្បីតែសេចក្តីសុខក្សេមក្សាន្ត របស់ពលរដ្ឋតែប៉ុណ្ណោះ

កំពង់ស្ពឺ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងថា ការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំកំពូលពិសេសរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ជាកត្តាចម្បងក្នុងការនាំមកនូវសេចក្តីសុខក្សេមក្សាន្ត ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ។

ការលះបង់ទាំងនោះ មិនអាចកាត់ថ្លៃ បានឡើយក្នុងប្រវត្តិសាស្ត្រ ដើម្បីធានាបាននូវសុខសន្តិភាព ពេញលេញទូទាំងប្រទេសនិងភាពក្សេមក្សាន្តរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានាក្នុងវត្ត អង្គ្រងមានជ័យសេរីឧត្តម ហៅវត្តអង្គ្រង ស្ថិតក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ សមាជិក សមាជិកា ជាច្រើនរូបទៀត។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា សន្តិភាពពិតជាមានតម្លៃលើសលុប ដែលមិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជាបានរស់នៅក្នុងសេចក្តីសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បាននូវសង្គ្រាមទាំងស្រុង និងការរកឃើញនូវការឯកភាពជាតិមួយពេញលេញ។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលស្រលាញ់សន្តិភាព និងចង់ថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបាននិងកំពុងបន្តដឹកនាំ ក៏បានប្តេជ្ញាខ្ពស់មិនឱ្យប្រទេសជាតិមួយនេះវិលទៅរកខ្មៅងងឹតជាថ្មីនោះទេ ហើយក្នុងនោះក៏បានធានាបន្តការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតផងដែរ។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកខេត្តកំពង់ស្ពឺឱ្យបន្តខិតខំធ្វើការដើម្បីជីវភាពគ្រួសារ រក្សាអ្នកវិនិយោគដើម្បីធានាដល់ការងារយូរអង្វែង ទន្ទឹមនេះត្រូវដាក់ការជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំ និងស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ ពិសេសគឺការដោះស្រាយបញ្ហាព្រំដែនដែលកំពុងរងការឈ្លានពាន និងគ្រប់គ្រងដោយខុសច្បាប់ពីប្រទេសជិតខាង៕

To Top