សម្តេចធិបតី៖ អគ្គនាយកដ្ឋានពន្ធដារ ជាអង្គភាពប្រមូលចំណូលជូនជាតិធំជាងគេ ក្នុងចំណោមអង្គភាពប្រមូលចំណូលដទៃទៀត
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារ បានក្លាយជាអង្គភាពប្រមូលចំណូលជូនជាតិ ធំជាងគេក្នុងប្រទេស ក្នុងចំណោមអង្គភាព ប្រមូលចំណូលដទៃទៀត ។
ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ។
ក្នុងនោះសម្តេចធិបតី ធ្វើការគូសបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានខិតខំបំពេញការងារ និងជាអ្នកប្រតិបត្តិការដ៏ស្មោះស្ម័គ្រ នៃរាជរដ្ឋាភិបាលមុនៗ រហូតដល់នីតិកាលទី៧ នៃរដ្ឋសភានេះ ។
បន្ថែមលើនេះ សម្តេចធិបតី បានកត់សម្គាល់ថា ក្រោមការដឹកនាំរបស់ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងប្រែក្លាយជាស្ថាប័នដែលត្រូវបានជឿជាក់ និងត្រូវបានទទួលស្គាល់នូវជំនាញ និងការបំពេញភារកិច្ច និងមានភាពរីកចម្រើនជាបន្តបន្ទាប់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “គិតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ បានក្លាយជាអង្គភាពប្រមូលចំណូលជូនជាតិធំជាងគេក្នុងប្រទេស ក្នុងចំណោមអង្គភាពប្រមូលចំណូលដទៃទៀត” ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបនេះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំ និងសម្រេចបាន ដោយជោគជ័យបេសកកម្មប្រមូលចំណូលពន្ធដារជូនជាតិនាពេលកន្លងមកផងដែរ៕
