ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងការងារ និងថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ខណៈដែលក្រសួងរាប់រង ការចំណាយបុណ្យសពទាំងមូល

កំពង់ឆ្នាំង-ស្វាយរៀង៖ នៅរសៀលថ្ងៃទី២៣ ខែឧសភានេះ ក្រៅពីជួយសម្របសម្រួលពីកន្លែងកើតហេតុ និងនៅមន្ទីរពេទ្យ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួងការងារ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង គោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិតទាំង១៤រូបដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា ការគោរពវិញ្ញាណក្ខន្ធផ្ទាល់នេះ គឺជាការយកចិត្តដាក់របស់រាជរដ្ឋាភិបាលដែលតែងតែនៅជិតប្រជាជន ក៏ដូចជាបងប្អូនកម្មករ ហើយនេះក៏ជាការចូលរួមក្តីសោកសង្រេងជាមួយបងប្អូនក្រុមគ្រួសារសព។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះ ស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាល ចំនួន ៦៤នាក់ (ស្រី ៥២នាក់)។

លោកស៊ុន មេសា ក៏បានអំពាវនាវយ៉ាងទទូចឱ្យមានការគោរពច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ដែលធ្លាក់មកលើបងប្អូនកម្មករនិយោជិតរបស់យើង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង នឹងចុះរៀបចំបុណ្យសព និងធានារាល់ការចំណាយនៃពិធីបុណ្យសពរបស់បងប្អូនកម្មករ៕

To Top