ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកកែវសីមា ព្រមានតូបលក់ចំណីអាហារចំនួន៥ បើមិនអនុវត្តតាមលក្ខន្តិកៈ
មណ្ឌលគិរី៖ តូបចំនួន៥ម្ចាស់ ដែលបាននិងកំពុងលក់ដូរចំណីអាហារមិនអនុវត្តតាមលក្ខន្តិកៈនៃកិច្ចព្រមព្រៀង ត្រូវបានព្រមានពីប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកកែវសីមា បន្ទាប់ពីរកឃើញថានៅមានបន្តលក់ដូរអាហារហាមឃាត់នោះ។

លោក ប្រយ សុធី ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកកែវសីមា បន្ទាប់ពីសេចក្តីរាយការរបស់មជ្ឍមណ្ឌលព័ត៌មានដើមអម្ពិលនាល្ងាចថ្ងៃ១ មិថុនា បានដឹកនាំមន្ត្រីចុះធ្វើការអប់រំផ្សព្វផ្សាយដល់ម្ចាស់តូបលក់ចំណីអាហារក្នុងបរិវេណនៃវិទ្យាល័យហ៊ុនសែនកែវសីមា ដោយលោកទទួលស្គាល់ថា ពិតជាមានសកម្មភាពមិនចូលរួមអនុវត្តលើសុវត្ថភាពចំណីអាហារពិតមែន។

លោកប្រយ សុធីបន្តថា ពួកគេត្រូវបានធ្វើកិច្ចសន្យាជាមួយការិយាល័យ ដោយបញ្ឈប់បន្តលក់ដូរផ្ទុយពីគោលការរដ្ឋដាក់ជូន។លោកថាបានព្រមានស្នើទៅជំនាញកាន់កុងត្រូលដកហូត ព្រោះនំកញ្ចប់ប្រភេទនិមួយៗមានបាកូដ និង កំពុងបញ្ជូនទៅជំនាញជួយពិនិត្យបន្ថែមដែរ។


យោងសេចក្តីណែនាំលេខ ១៨ អយក.សណន ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំយុវជន និងកីឡា ចំណីអាហារហាមឃាត់ក្នុងគ្រឹះស្ថានសិក្សាមាន៖
១-ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់
២-គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ
៣-ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់
៤-ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ
៥-ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ
៦-ចាហួយគ្រប់ប្រភេទ នុំដូណាត់ នំផ្លែផ្អែមជាដើម៕
ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
