ក្រុមការងារ ESEA ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ ដោយប្រើប្រាស់យន្តការ UNCLOS
ភ្នំពេញ៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នយ៍(ESEA) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)។
ការប្រកាសនេះ បន្ទាប់ពីមានការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ(MOU-2០០1) ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ(ដែលភាគីថៃហៅកាត់ថា MOU-4)។

ញ្ញត្តិគាំទ្ររបស់ ESEA បានឱ្យដឹងថា៖«យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារ ESEA សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) គឺជាការដោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងសុច្ឆន្ទៈពិតប្រាកដដែលនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃ អាចរស់នៅជាមួយគ្នាដោយសន្តិភាព និងសេចក្ដីសុខយូរអង្វែង»។
ក្រុមការងារ ESEA បន្តថា អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ(MOU-2០០1)នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយព្រំដែនសមុទ្រ និងតំបន់ទាមទារ ដែនសមុទ្រត្រួតស៊ីគ្នាអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ។
លើសពីនេះ ESEA បន្ថែមថា ការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បានសបញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈរវាងរដ្ឋទាំងពីរ ប៉ុន្ដែការណ៍ដែលភាគីថៃសម្រេចដកខ្លួនចេញដោយឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលនូវកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់នាពេលកន្លងមក។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកម្ពុជាស្ដីពី “ដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) បន្ទាប់ពីមានការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ(MOU-2០០1) ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ(ដែលភាគីថៃហៅកាត់ថា MOU-4)៕
