អាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយអាវុធហត្ថខេត្តកណ្តាល បើកប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញាបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីករណីលួច និងទទួលផលចោរកម្ម
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីករណីលួចនិងទទួលផលចោរកម្ម។

នៅវេលាម៉ោង២១:២០នាទី នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំនុចផ្ទះសំណាក់ ម៉ាហេង ក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្កាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានពន្លាតដែនសមត្ថកិច្ចទទួលជនសង្ស័យចំនួន០១នាក់ ពីជនរងគ្រោះពាក់ព័ន្ធករណីលួចម៉ូតូ។ដោយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ជនសង្ស័យបានធ្វើកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកBeat ពណ៍ស ផ្លាកលេខ កណ្តាល 1AU-7398 ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ហើយបានរត់គេចខ្លួនបាត់ស្រមោល។លុះរហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ទើបជនរងគ្រោះតាមរកឃើញនៅចំនុចផ្ទះសំណាក់ ម៉ាហេង ស្ថិតក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្កាល ហើយបានឃាត់ខ្លួនជនសង្ស័យនោះ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ក្រោមវិធានជំនាញរបស់អាវុធហត្ថ នៅវេលាម៉ោង១១:៥នាទី នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យព្រហ្ម បានពន្លាតដែនសមត្ថកិច្ច សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល បន្តចុះឆែកឆរទីតាំងបញ្ចាំម៉ូតូមួយកន្លែង ស្ថិតនៅភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានដកហូតម៉ូតូគ្មានឯកសារត្រឹមត្រូវចំនួន៥គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ១គ្រឿង។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ លី ហ្សាំង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិត្រពាំអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកពង់ស្ពឺ និងទី២មានឈ្មោះ មឹម ម៉េត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ចំណែកជនរងគ្រោះមានឈ្មោះ ដេត ស្រីលាក់ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចាប់យកវត្ថុតាងបានរួមមាន៖ម៉ូតូម៉ាកCUB(គុបជ្រុង)ពណ៍ទឹកប៊ិច គ្មានផ្លាកលេខ០១គ្រឿង(ម៉ូតូជនសង្ស័យ),ម៉ូតូម៉ាកBeat ពណ៍ស ផ្លាកលេខ1AU-7398 ១គ្រឿង(ម៉ូតូជនរងគ្រោះ),ម៉ូតូម៉ាក Sirius RC ពណ៍ខ្មៅ ១គ្រឿង(គ្មានឯកសារ),ម៉ូតូម៉ាក Systini 100 ពណ៍ក្រហម គ្មានផ្លាកលេខ១គ្រឿង(គ្មានឯកសារ),ម៉ូតូម៉ាកAirBlade ពណ៍ខ្មៅ ១គ្រឿង(គ្មានឯកសារ),ម៉ូតូម៉ាក XR ពណ៍ខ្មៅ គ្មានផ្លាកលេខ១គ្រឿង(គ្មានឯកសារ) និងម៉ូតូម៉ាកSirius CT ពណ៍ខៀវ គ្មានផ្លាកលេខ១គ្រឿង(គ្មានឯកសារ)។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕
