Feature

សម្តេចតេជោ ៖ ការលូកដៃរបស់នាយករដ្ឋមន្រ្តីចូលកិច្ចការងារពន្ធដារ មិនមែនជាកំហុស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាមានប្រសាសន៍ថា ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារ មិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែបង្ហាញពីចំណុចខ្លាំងលើកំណែទម្រង់រដ្ឋ។

សម្តេចតេជោ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានសម្តេចបានរំលឹកពីចំណាររបស់សម្តេចដែលសម្តេចទើបរកឃើញចំណារលើលិខិតរបស់លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ 

ចំណុចនេះសម្តេចតេជោសង្កត់ធ្ងន់ថា “ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារមិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋដែលក្នុងនោះ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត” ។

សម្តេចតេជោបានរំលឹកទៀតថា ចំណារទាំង៤នេះ ជាចលកររុញច្រានកម្ពុជាឲ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀត) មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ។ សម្តេចមានប្រសាសន៍ទៀតថា កម្ពុជាមានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈដូចជា ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តន៍គោលនយោបាយគាំពារសង្គមផងដែរ។

សម្តេចសង្កត់ធ្ងន់ថា ភាពធន់ខាងសេដ្ឋកិច្ចរបស់កម្ពុជាបង្ហាញច្បាស់ពីដំណាក់កាលកូវីដ១៩ ឆ្នាំ២០២០ រហូតមកដល់នេះដែលកម្ពុជាមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្តន៍ និងបើកបៀវត្ស២ដងក្នុងមួយខែ ជាមួយនិងការអនុវត្តន៍គោលនយោបាយគាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត។

សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា ចំណាររបស់សម្តេចពេលនោះ មុតជាងផ្លែដាវទៅទៀត តែសម្តេចមិនខ្លាច មិនចុះញ៉ុម ព្រោះជាផលប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀតប្រទេសកម្ពុជាខុសប្លែកពីប្រទេសផ្សេងទៀត ព្រោះត្រូវរៀបចំឡើងវិញទាំងអស់ក្រោយរបបប៉ុលពត ។ ដូចនេះតម្រូវឲ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហានហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ៕

To Top