ក្រសួងមុខងារសាធារណៈ បង្ហាញឆន្ទៈ និងប្តេជ្ញាជំរុញយន្តការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាព
ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រសួងមុខងារសាធារណៈ បាននិងកំពុងបង្ហាញនូវឆន្ទៈយ៉ាងមុតស្រួច តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើការតាមដាន វាយតម្លៃ និងការដោះស្រាយរាល់បញ្ហាប្រឈមនានាដោយភាពបុរេសកម្ម។
ជាយន្តការជាក់ស្តែង ជារៀងរាល់ ៣ខែម្តង ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ រួមជាមួយក្រុមការងារទទួលបន្ទុកអនុវត្តវិធានការគន្លឹះទាំង៣ តែងតែរៀបចំកិច្ចប្រជុំត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងតាមដានយ៉ាងដិតដល់នូវរាល់វឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបាន ដើម្បីធានាថាការងារដើរលើគន្លងត្រឹមត្រូវ និងពិនិត្យមើលរាល់ឧបសគ្គដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែង ដោយមិនទុកបញ្ហាចោលឡើយ។ តាមរយៈការជួបជុំ ផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធ និងផ្តល់ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាឱ្យចំគោលដៅ។

ក្នុងស្មារតីបុរេសកម្មនេះ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។
សកម្មភាពឥតឈប់ឈរ និងការតាមដានជាប់ជាប្រចាំនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតរុញរា របស់ក្រសួងមុខងារសាធារណៈ ក្នុងការជំរុញយន្តការកែទម្រង់រដ្ឋបាលសាធារណៈឱ្យដើរទៅមុខយ៉ាងស្វាហាប់ សំដៅកសាងរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយគុណភាពខ្ពស់៕
