ព័ត៌មានជាតិ

សម្តេចធិបតី៖ អាស៊ាន ត្រូវតែបន្តដើរតួ ជាអ្នកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរីបើកចំហរ ផ្អែកលើច្បាប់ WTO ជាស្នូល

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ក្នុងវេទិកាអនាគតរបស់អាស៊ាន លើកទី៣ នៅប្រទេសវៀតណាមថា អាស៊ាន ត្រូវតែបន្តដើរតួ ជាអ្នកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរីបើកចំហរ បរិយាបន្ន និងផ្អែកលើច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក WTO ជាស្នូល ។

ក្នុងសន្ទរកថា ចំពោះសមាជិកអាស៊ាន នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នពិភពលោក បាននឹងកំពុងរងការញាំញី ដោយពហុវិបត្តិដែលកើតឡើងជាបន្តបន្ទាប់ ។ ការនេះធ្វើឲ្យបញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាព លែងសូវមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ។

ក្នុងនោះសម្តេចធិបតី សង្កត់ធ្ងន់ថា ជាការពិតយើងកំពុងមើលឃើញនូវការដើរថយក្រោយ នៃដំណើរការអភិវឌ្ឍរបស់រដ្ឋតូចៗ ដែលធ្លាប់ពឹងផ្អែកយ៉ាងខ្លាំង លើសន្តិភាព ភាពបើកចំហរ ពាណិជ្ជកម្មអន្តរជាតិ និងសណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ដើម្បីឈានជើងឡើងជាបណ្ដើរៗ លើជណ្ដានៃការអភិវឌ្ឍន៍ ទស្សនៈដែលថារដ្ឋជាសមាជិកមួយ អាចពឹងផ្អែកលើខ្លួនឯងទាំងស្រុង នៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ ។

ជាងនេះទៅទៀត ដើម្បីជាប្រយោជន៍ ដល់អនាគត នៃសេដ្ឋកិច្ចអាស៊ាន សម្តេចធិបតី បានសង្កត់ធ្ងន់ថា យើងមិនត្រូវរំលាយ និងផ្តាច់ខ្លួនចេញពីប្រព័ន្ធ ដែលបាននាំមកនូវកាលានុវត្តភាពសេដ្ឋកិច្ចរួម សម្រាប់សហគមន៍ទាំងមូលនោះឡើយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ក្នុងន័យនេះអាស៊ាន ត្រូវតែបន្តដើរតួ ជាអ្នកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរីបើកចំហរ បរិយាបន្ន និងផ្អែកលើច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក WTO ជាស្នូល ។
ទាញយកប្រយោជន៍ ឲ្យបានអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់តាមរយៈការដំឡើងកម្រិត និងការអនុវត្តឲ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព”។

បន្ថែមលើនេះ សម្តេចធិបតី ចង់ឱ្យអាស៊ាន បន្តធ្វើសមាហរណកម្មតំបន់ ឲ្យកាន់ការស៊ីជម្រៅ និងវិនិយោគ លើវិស័យដែលកំណត់អនាគតនៃកំណើន រួមមាន៖ បញ្ញាសិប្បនិម្មិត AI បដិវត្តិកម្មឌីជីថល អន្តរកាលបៃតង ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ សេដ្ឋកិច្ចពណ៌ខៀវ សេដ្ឋកិច្ចច្នៃប្រឌិត វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍៕

To Top