Feature

រដ្ឋមន្ដ្រីអប់រំ ៖ ចំពោះបញ្ហាព្រំដែន ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់សិស្សានុសិស្ស គឺមិនត្រូវខកខានឡើយ

ព្រះវិហារ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់សិស្សានុសិស្ស គឺមិនត្រូវខកខានឡើយ ។

ក្នុងពិធីសំណេះសំណាល និងផ្តល់កម្រងសៀវភៅវិញ្ញាសា សម្រាប់ត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដល់សិស្សានុសិស្ស នៃខេត្តព្រះវិហារ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចបណ្តុះបណ្តាលធនធានមនុស្សនៅតាមតំបន់ព្រំដែន ទោះបីជាត្រូវប្រឈមនឹងការលំបាក និងការប្រែប្រួលនៃស្ថានភាពសន្តិសុខព្រំដែននាពេលកន្លងមកក៏ដោយ។

ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់ក្មួយៗសិស្សានុសិស្សគឺមិនត្រូវខកខានឡើយ ដូចនេះទើបក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីបន្តឱ្យសិស្សទទួលបានការសិក្សាទោះក្នុងកាលៈទេសៈណាក៏ដោយ សំដៅធានាឱ្យបាននូវសមធម៌ និងបរិយាបន្នអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល»។

បន្ថែមលើនេះ លោក ឧបនាយករដ្ឋមន្ត្រី សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបានដាស់តឿនដល់ក្មួយៗ សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ ត្រូវយកចិត្តទុកដាក់ស្វ័យសិក្សា និងប្រើប្រាស់កម្រងសៀវភៅវិញ្ញាសាត្រៀមប្រឡង ដែលក្រសួងបានផ្តល់ជូននៅថ្ងៃនេះ ហាត់អនុវត្តពង្រឹងសមត្ថភាព ដើម្បីទទួលបានលទ្ធផលជោគជ័យ និងនិទ្ទេសល្អៗ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ ក្នុងនាមជាទំពាំងស្នងឫស្សីដ៏មានសក្តានុពលរបស់ប្រទេសជាតិ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តល់ជូនសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់នាយក នាយិកា នៃវិទ្យាល័យនៃខេត្តព្រះវិហារ និងសិស្សដែលភៀសសឹកផងដែរ ៕

To Top